ពិធីបើកពិព័រណ៍អប់រំអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ទៅសិក្សានៅក្វាងស៊ី
ថ្លែងក្នុងពិធីបើកពិព័រណ៍អប់រំអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ទៅសិក្សានៅក្វាងស៊ី លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការ ដើម្បីជំរុញការអប់រំកម្ពុជាអាស៊ាន-ចិន បានឲ្យដឹងថា ពិធីនេះរៀបចំឡើងដោយ Liuhua Education Technology Beijing Co.,Ltd សហការដោយ សមាគមសហប្រតិបត្តិការ ដើម្បីជំរុញការអប់រំកម្ពុជាអាស៊ាន-ចិន និងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងមានការគាំទ្រពី នាយកដ្ឋានអប់រំតំបន់ស្វយ័តខេត្តក្វាងស៊ី ដោយមានសិស្សានុសិស្សចំនួន ៨០០នាក់ មកពីវិទ្យាល័យចំនួន៨ ក្នុងរាជធានីភ្នំពេញ និង សិស្សានុសិស្សចំនួន ១៥០នាក់ មកពីវិទ្យាល័យតាមបណ្តាខេត្តទិសនារតី ដូចជា ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ។
លោកបណ្ឌិត ឲ្យដឹងទៀតថា ការរៀបចំពិព័រណ៍អប់រំនេះ គឺស្របពេលដែលប្រទេសទាំង២ បានកំណត់យកឆ្នាំ២០២៥នេះ គឺជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន។ តាមរយះពិព័រណ៍នេះ នឹងក្លាយជាឱកាសដើម្បីអោយសាកលវិទ្យាល័យ និងស្ថាប័នអប់រំរបស់ប្រទេសចិន និងកម្ពុជា មានឱកាសផ្លាស់ប្តូរការអប់រំជាលក្ខណ:អន្តរជាតិ ជាពិសេស បានផ្តល់អោយគណៈគ្រប់គ្រងនៃស្ថាប័នអប់រំ អ្នកជំនាញ និងអ្នកតំណាងធុរៈកិច្ចនានា មានឱកាសបានជួបទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទល់មុខគ្នា ហើយក៏នឹងក្លាយជាវេទិកាមិត្តភាព ដើម្បីលើកកម្ពស់ការអប់រំ រវាងកម្ពុជា-ចិន។
លោកស្រី ចាង ស៊ីហ្វុង អគ្គលេខាធិការរង នៃអគ្គនាយកដ្ឋានអប់រំតំបន់ស្វយ័តខេត្តក្វាងស៊ី មានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តក្វាងស៊ី មានគ្រឹះស្ថានឧត្តមសិក្សាចំនួន៩៣ ដែលមាននិស្សិតសរុបជិត២លាននាក់។ សាកលវិទ្យាល័យមានសម្ភារៈបរិក្ខារងាយស្រួល និងមុខជំនាញពេញលេញ ដើម្បីបំពេញតម្រូវការសិក្សារបស់និស្សិត មកពីជុំវិញពិភពលោក។ បច្ចុប្បន្ននេះ មាននិស្សិតអាស៊ានមានជាង ៦.៥០០នាក់កំ ពុងសិក្សានៅក្វាងស៊ី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្វាងស៊ី បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យជាច្រើនដូចជា ការកសាងវិជ្ជាជីវៈ និងកម្មវិធីសិក្សា ការកសាងក្រុមគ្រូបង្រៀន ការបណ្តុះបណ្តាលរួមគ្នារបស់សិស្ស និងការផ្លាស់ប្តូរនិស្សិតអន្តរជាតិ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំទាំងពីរកន្លែង។ ពិព័រណ៍អប់រំនេះ គឺជាលើកទី៣ហើយ ដែលរៀបចំដោយខេត្ត Guangxi នៅក្នុងកម្ពុជា ដោយមានសាកលវិទ្យាល័យសរុប36 នៅក្វាងស៊ី បានចូលរួមក្នុងការតាំងពិព័រណ៍នេះ ហើយទំហំនៃស្ថាប័ន ដែលចូលរួមមានចំនួនលើសពីឆ្នាំមុន។
លោក គង់ ភូមិកា ប្រធានាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងដែរថា នៅកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមាន ចំនួន២៤៨គ្រឹស្ថាន ស្ថិតនៅក្រោម ១៧ក្រសួង ក្នុងនោះក្រសួងអប់រំមាន ១៣៩គ្រឹះស្ថាន និងមាននិស្សិតកំពុងសិក្សាចំនួន ៣១៦១០៥នាក់។ តាមរយះការតាំងពិព័រណ៍នេះ បានបង្កើតជាវេទិកាសម្រាប់និស្សិត ស្វែងយល់ពីកម្មវិធីសិក្សា និងការផ្លាស់ប្ដូរការពិភាក្សាគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ ជាពិសេស សូមលើកទឹកចិត្ត ដល់សាកលវិទ្យាល័យ គ្រឹះសា្ថនអប់រំទាំងអស់ បង្ហាញពីលទ្ធផល និងបទពិសោធន៍ផ្នែកអប់រំ ដោយចែករំលែកគោលគំនិត និងការប្រឹក្សាល្អបំផុតជូននិស្សិតកម្ពុជា។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍អប់រំអន្តរជាតិកម្ពុជាអាស៊ាន-ចិន ឆ្នាំ២០២៥នេះ ក៏មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យនានា របស់ប្រទេសកម្ពុជា និងសាកលវិទ្យាល័យ នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។