ឥណ្ឌាបញ្ជាក់ថាប្រសិនបើខ្លួនរកឃើញថាប៉ាគីស្ថានពិតជាមេក្លោងបាញ់ប្រហារអ្នកទេសចរនៅ kahsmir មែន! នោះខ្លួននឹងវាយបកមិនដកដៃឡើយ! ហើយក៏គ្មានអ្នកណាអាចសម្របសម្រួលបានដែរ 

អ្នកនិពន្ធឥណ្ឌាម្នាក់ និងជាអតីតអ្នកការទូតបានបាននិយាយថា ឥឡូវនេះឥណ្ឌាបានបង្កើតជាផ្លូវការនូវគោលនយោបាយដើម្បីឆ្លើយតបផ្នែកយោធាណាមួយ ប្រសិនបើមានអំពើភេរវកម្មប្រព្រឹត្តដោយប៉ាគីស្ថាន” ទោះបីជាស្ថិតនៅក្រោមការគំរាមកំហែងនៃការកើនឡើងនុយក្លេអ៊ែរក៏ដោយ។ លោក Dilip Sinha បាននិយាយតាមរយៈវីដេអូពីទីក្រុង New Delhi ថា ប្រសិនបើយើងមានភស្តុតាងសមហេតុផលដើម្បីជឿថា វាជាហេតុការណ៍ដែលមានប៉ាគីស្ថានជាមេ នោះឥណ្ឌាមិនទុកទេនឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនវាយប្រហារលើមូលដ្ឋានទ័ពនៅក្នុងប្រទេសប៉ាគីស្ថាន ហើយវានឹងក៏មិនត្រូវបានរារាំងដោយការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថានបានឡើយ។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីឥណ្ឌា និងប៉ាគីស្ថានឈានដល់ការយោគយល់គ្នា ដើម្បីបញ្ឈប់រាល់សកម្មភាពយោធានៅលើដី លើអាកាស និងនៅសមុទ្រកាលពីថ្ងៃសៅរ៍ ក្នុងបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់អរិភាពដែលកំពុងឡើងកម្តៅក្នុងនាមជាគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរដែលបានគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ដែរ។ ទោះជាយ៉ាងណាក៏ដោយ Sinha បានរិះគន់រដ្ឋបាល Trump ចំពោះការមិនដឹងរឿងផ្ទៃក្នុង និងរឿងខាងក្រោយនៃករណីនេះ និងអ្វីដែលបានកើតឡើងកាលពីអតីតកាលរវាងភាគីទាំងពីរឲ្យច្បាស់សិន។ លោកបាននិយាយថា “ការពិតអ្វីដែលលោកប្រធានាធិបតី Trump និយាយអំពីសង្រ្គាមនេះ វាបានកំពុងបន្តអស់រយៈពេល១០០០ឆ្នាំមកហើយដែលបង្ហាញថាលោកនៅមានចំណេះដឹងតិចតួចណាស់អំពីទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថាន និងអំពីបញ្ហាដែលពាក់ព័ន្ធនៅក្នុងតំបន់កាស្មៀរនោះ។ មន្ត្រីយោធាជាន់ខ្ពស់មកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន គ្រោងនឹងនិយាយគ្នានៅសប្តាហ៍នេះ ដើម្បីវាយតម្លៃថាតើបទឈប់បាញ់កំពុងបន្តឬវិវត្តន៍យ៉ាងណាបន្ត។ មានហេតុការណ៍គួរឲ្យភ័យខ្លាចថាវានឹងមិនអាចរក្សាបានយូរទេ បន្ទាប់ពីពួកគេបានចោទប្រកាន់គ្នាទៅវិញទៅមក បន្ទាប់ពីការបំពានគ្នាត្រឹមតែប៉ុន្មានម៉ោងក្រោយពីប្រកាស។ យោធានៃប្រទេសទាំងពីរបានចូលរួមស្ថានភាពប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាននៃជម្លោះរបស់ពួកគេក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ចាប់តាំងថ្ងៃពុធសប្តាហ៍មុន នៅពេលដែលឥណ្ឌាបានវាយប្រហារលើគោលដៅនានាក្នុងប្រទេសប៉ាគីស្ថាន ដែលខ្លួនបាននិយាយថាប៉ាគីស្ថានមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធដែលត្រូវតែទទួលខុសត្រូវចំពោះការបាញ់រះលើភ្ញៀវទេសចរឥណ្ឌា២៦នាក់នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌានោះ។ អ្នកទេសចរដែលភាគច្រើនជាបុរសជនជាតិហិណ្ឌូរបស់ឥណ្ឌា ត្រូវគេសម្លាប់យ៉ាងព្រៃផ្សៃនៅចំពោះមុខក្រុមគ្រួសាររបស់ពួកគេអំឡុងពេលដើរកំសាន្តនៅក្នុងទីក្រុងវាលស្មៅ Pahalgam កាលពីខែមុន។ ពេលនោះហើយដែលឥណ្ឌាបានចោទប៉ាគីស្ថានថាបានគាំទ្រពួកសកម្មប្រយុទ្ធដ៏គឃ្លើននេះដែលបាន សម្លាប់មនុស្សយ៉ាងរង្គាល ប៉ុន្តែការចោទប្រកាន់នេះត្រូវក្រុងអ៊ីស្លាម៉ាបាដបដិសេធទៅវិញ។ ឧប្បត្តិហេតុដំបូងបាននាំឱ្យមានការប៉ះទង្គិចគ្នានៃវិធានការ ការទូតដោយប្រទេសទាំងពីរបានបញ្ជូនចេញរាល់អ្នកកាទូតទាំងអស់ចេញពីប្រទេសរៀងៗខ្លួនជាស្ថានភាពកាទូតកម្រិតទាបជាពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ