ជនជាតិដើមភាគតិច រស់នៅស្រុកវើនសៃ ខេត្តរតនគិរី ស្នើសុំរាជរដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេ ដើម្បីសម្រួលដល់ការធ្វើដំណើរពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តរតនគីរី ៖ ដើម្បីសម្រួលដល់ការធ្វើដំណើរពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ជនជាតិដើមភាគតិច រស់នៅស្រុកវើនសៃ ខេត្តរតនគិរី ស្នើសុំរដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេ។

នេះជាការស្នើសុំរបស់ជនជាតិដើមភាគតិចដូចជា ឡាវ គ្រឹង កាវែត ដែលកំពុងរស់នៅក្នុង ឃុំកុកឡាក់ ឃុំវើនសៃ និងឃុំប៉ាកាឡាន់ នៅស្រុកវើនសៃ។ ពួកគាត់បានត្អូញត្អែរពីការចំណាយច្រើនទៅលើការដឹកជញ្ជូនទំនិញកសិកម្មទៅលក់នៅលើទីផ្សារតាមរយៈ ទោចក្រយាន និងត្រីចក្រយានយន្ត ការឆ្លងទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលបានឆ្លងដរទៅរៀននៅវិទ្យាល័យវិរៈជ័យ នៅឯត្រើយម្ខាងទៀត។ បន្ថែមពីនេះ ពលរដ្ឋជនជាដើមភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយដូចជា កង់ ម៉ូតូ ពោលកុំយកថ្លៃធ្វើដំណើររបស់សិស្សសាលា។

ក្នុងនាមជាអាណាព្យាបាល និងកសិករផងនោះ បានស្នើសុំយ៉ាងទទូចទៅកាន់រាជរដ្ឋាភិបាលជួយអន្តរាគមន៍លើរឿងនេះ ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលដល់ការធ្វើដំណើរ។

លោកស្រី ផេង ចរិយា តំណាងឱ្យប្រជាពលរដ្ឋនៅ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ បានសំណូមដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ជួយសាងសង់ស្ពានម៉ាឡេ ឬ ស្ពានឆ្លងកាត់ទន្លេសាន ប្រវែង ៣០០ ម៉ែត្រ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឱ្យបានប្រសើរឡើង។
លោកស្រីមានប្រសាសន៍ថា៖«នៅពេលមានស្ពានប្រជាជនទូទៅធ្វើដំណើរទៅមកស្រួល កាត់បន្ថយចំណាយ លើការដឹងជញ្ជូន ចន្ទី ដំឡូងមី សិស្សសាលាទៅរៀនសូត្រ និងការជួញដូរផលិតផលផ្សេងៗ»៕ ដោយៈ សាវរក្ស