ប្រជាជនប៉ាឡេស្ទីននៅទូទាំងតំបន់ Gaza ប្រមាណ២.៣លាននាក់ជួបគ្រោះអត់ឃ្លានកាន់តែខ្លាំង! បន្ទាប់ពីអ៊ីស្រាអែលបិទព្រំដែនរយៈពេលជិត៣ខែមកនេះ 

ប្រជាជនជាច្រើននាក់នៅតំបន់ Gaza រួមមានទាំងកុមារ-បុរសស្រ្ដីបានប្រមូលផ្ដុំគ្នាដោយឈរតម្រងជួរក្រវីឆ្នាំង-ចានដើម្បីសុំស៊ុបសណ្ដែកពីផ្ទះបាយសហគមន៍មួយនៅភាគខាងត្បូង Gaza កាលពីថ្ងៃអាទិត្យនេះ ដែលទិដ្ឋភាពទាំងនេះបានក្លាយទៅជារឿងប្រចាំថ្ងៃទៅហើយនៃក្តី អស់សង្ឃឹមរបស់ពួកគេនៅ Gaza ដែរ។ ផ្ទះបាយសប្បុរធម៍បានក្លាយជាប្រភពម្ហូបអាហារយ៉ាងសំខាន់សម្រាប់ប្រជាជនប៉ាលែស្ទីនប្រមាណជា២.៣លាននាក់ដែលរស់នៅក្នុងតំបន់នេះ ខណៈដែលផ្ទះបាយសប្បុរធម៍ជាច្រើនកន្លែងទៀតត្រូវបិទព្រោះតែការផ្តាច់ផ្លូវជំនួយរបស់ អ៊ីស្រាអែលរយៈពេលជាង១០សប្តាហ៍មកហើយ និងបានរារាំងក្រុមជួយសង្គ្រោះមិនអោយចូលចែកចាយម្ហូបអាហារថែមទៀត។ យោងតាមសំដីរបស់នាង Riham Sheikh el-Eid ដែលបង្ខំចិត្តចាកចេញពីទីក្រុង Rafah បាននិយាយថា៖ គ្មានម្សៅនំប៉័ង គ្មានអាហារ គ្មានទឹក គ្មានអ្វីសោះនោះទេ ហើយពេលដែលពួកយើងមកដល់ផ្ទះបាយសប្បុរធម៍នេះ យើងត្រូវឈរតម្រងជួរយ៉ាងយូរចន្លោះពី៤ទៅ៥ម៉ោងក្រោមពន្លឺព្រះអាទិត្យ។ វាធ្វើឲ្យពួកយើងពិតជានឿយហត់ ហើយចុងក្រោយយើងត្រូវដើរចេញដោយគ្មានទទួលបានអ្វីសោះក៏មានដែរ នាងបន្ថែមថា បើមានសំណាងគឺពួកគេអាចបានទឹកស៊ុបមួយឆ្នាំងតូចដើម្បីចែកឲ្យកូនៗរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថាភាពអត់ឃ្លានកំពុងគំរាមកំហែងប្រជាជន Gaza ដែលរងផលប៉ះពាល់អស់រយៈពេល១៩ខែមកដហើយ ដោយសារសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល។ កង្វះអាហារ និងមានមនុស្សស្លាប់ដោយអត់ម្ហូបអាហារ កំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុង Gaza ហើយអង្គការជួយសង្គ្រោះប្រាប់ទៀតថា ឱសថ និងស្បៀងសម្រាប់ព្យាបាលជំងឺ និងឱសថសំអាតអនាម័យកំពុងតែជិតអស់ពីស្តុកដូចគ្នា។ សូមរំលឹកឡើងវិញថាអ៊ីស្រាអែលបានចាប់ផ្តើមបិទព្រំដែនកាលពីថ្ងៃទី២ ខែមីនា ហើយរំសាយកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល២ខែ ហើយចាប់ផ្តើមប្រតិបត្តិការរបស់យោធាឡើងវិញនៅថ្ងៃទី១៨ ខែមីនាកន្លងទៅនេះ ហើយគោលបំណងដែលបន្តប្រតិបត្តិការយោធានេះគឺដើម្បីបង្ខំឲ្យក្រុម Hamas ប្រគល់ចំណាប់ខ្មាំងអោយទៅខ្លួនវិញ។ យ៉ាងណាមិញអង្គការសិទិ្ធមនុស្សបានហៅការបិទព្រំដែននេះថាជា“យុទ្ធសាស្ត្របង្អត់អាហារ” សម្រាប់ពួកគេ និងចាត់ទុកជាបទល្មើសក្នុងច្បាប់សង្គ្រាមដែរ។ លើសពីនេះទៅទៀតអ៊ីស្រាអែល បានដាក់សំណើសុំឲ្យខ្លួនឯងក្លាយជាគ្រប់គ្រងទៅលើជំនួយដែលត្រូវផ្ដល់ជូនប្រជាជននៅតំបន់ Gaza ប៉ុន្តែការស្នើសុំនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងអង្គការជួយសង្គ្រោះនានា៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា