រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ៖រយៈពេល២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយ ដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភានេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រារព្ធខួប២០ឆាំ្ន នៃការបង្កើតវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី៤ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ។

ថ្លែងទៅកាន់អង្គពិធីដែល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាក្រោមឱវាទ មិត្តដៃគូបរទេស និងអាជ្ញាធរដែនដី ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយ ដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “កត្តាទាំងអស់នេះហើយ បានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា”។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមទ្ធិផលដំបូង នៃកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញនេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ២០០៥ ដែលមានសិស្សចំនួនត្រឹម២០០នាក់ ជាមួយនិង៨មុខជំនាញ ប៉ុន្តែមកដល់បច្ចុប្បន្នវិទ្យាស្ថាន មានសិស្សនិស្សិតចំនួន ជាង៧.៨ពាន់នាក់ដែលកំពុងសិក្សាលើមុខជំនាញ២៤ ខណៈដែលសិស្សនិស្សិត បានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណជាង១,៣ម៉ឺននាក់គិ តត្រឹមឆ្នាំ២០២៤។

បន្ថែមពីននេះ ឯកឧត្តម រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខណៈដែលរាជរដ្ឋាភិបាល កំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ១,៥លាននាក់ យ៉ាងសកម្មនោះ វិទ្យាស្ថាន ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញ ដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋកម្ពុជាឱ្យមានជំនាញច្បាស់លាស់ ដែលបាននិងកំពុងផ្តល់ឱកាស ឱ្យសិក្ខាកាមមានការងារ នៅតាមក្រុមហ៊ុនរោងចក្រ សហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ។

យ៉ាងណាក៏ដោយជាមួយនឹងមោទនភាព នៃខួប២០ឆ្នាំនេះ ឯកឧត្តម ហេង សួរ ក្នុងនាមជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ ពីការចូលរួមចំណែករបស់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលរាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និងដូចមានកំណត់ក្នុងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល និងផែនការសកម្មភាព របស់ក្រសួងដែលរួមមានគោលនយោបាយជាតិ ស្ដីពី ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈ២០២៤-២០២៨ និងគោលនយោបាយ និងផែនការ ពាក់ព័ន្ធផ្សេងទៀតផងដែរ៕