ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី វិស្វកម្មភូគព្តសាស្រ្ត ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន អនុប្រធានផ្នែក រួមជាមួយនឹងសិក្ខាកាមជាវិស្វករចុះបញ្ជី ក្នុងនោះមានវាគ្មិនជាតិ និងអន្តរជាតិបានផ្តល់បទបង្ហាញផ្តោតទៅលើចំនុចសំខាន់ៗ នៃវិស្វកម្មភូគព្តសាស្រ្ត។
លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជាទទួលបន្ទុកផ្នែកអប់រំ និងបណ្តុះបណ្តាល បានអាននូវរបាយការណ៍ស្តីពីលទ្ឋផលវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ ប្រកបដោយភាពរលូន និងមានការសួរឆ្លើយយ៉ាងផុលផុស ជាមួយនឹងភាពប៉ិនប្រសព្វរបស់វាគ្មិន និងការយកចិត្តទុក្ខដាក់របស់សិក្ខាកាម ធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រកបដោយភាពរីករាយ និងទទួលបានលទ្ធផលខ្ពស់។ លោកជំទាវក៏បានលើកឡើងបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ២០២៥នេះនៅមានប្រធានបទល្អៗជាច្រើនទៀតរួមមាន៖ ទី១. អធិការកិច្ចវិស្វកម្មអាស៊ាន និងសុវត្ថិភាពក្នុងវិស័យវិស្វកម្ម, ទី២. បច្ចេកទេសនៃការសាងសង់ប្រកបដោយចីរភាព ដែលនឹងគ្រោងធ្វើនៅខែកញ្ញា, និងទី៣. ការប្រើប្រាស់បេតុងអាមេ និង បេតុងផ្សេងៗទៀត នៅក្នុងការឌីហ្សាញអគារ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម សុខុម រិទ្ធីវុធ មានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណងបង្កើនសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីមានឱកាសទទួលយកជំនាញ និងបទពិសោធន៍លើវិស័យ“វិស្វកម្មភូគព្ភសាស្ត (Geotechnical Engineering)” ដែលជាជំនាញចាំចាច់បំផុត ដើម្បីធ្វើការវិភាគ វាយតម្លៃ ឆ្នៃប្រឌិត និងសម្រេចចិត្តសម្រាប់ការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពសុក្រឹត្យ ស្ថិរភាព និងសុវត្ថិភាពខ្ពស់។
ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងអំពីការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវិស្វកម្ម ជាការងារចាំបាច់បំផុតសម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ទៅតាមការវិវត្តនៃបច្ចេកវិទ្យា លើកស្ទួយសមត្ថភាព ប្រតិបត្តិជំនាញវិជ្ជាជីវៈឱ្យកាន់តែមានសក្តានុពល។
ឯកឧត្តម សុខុម រិទ្ធីវុធ ក៏មិនភ្លេចបញ្ជាក់បន្ថែមពីតួនាទីរបស់គណៈវិស្វករកម្ពុជា ដែលនឹងត្រូវបន្តការខិតខំប្រឹងប្រែងស្វះស្វែងរកវាគ្មិនល្អៗ និងប្រធានបទថ្មីៗ មកធ្វើការចែករំលែកនូវចំណេះដឹងជំនាញ និងបទពិសោធន៍ ជូនវិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិជំនាញ វិជ្ជាជីវៈ ប្រកបដោយសមត្ថភាពពេញលេញ ជាមួយនឹងភាពធន់ និរន្តភាព និងបរិយាបន្ន រួមចំណែក លើកស្ទួយវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែប្រសើរ ថែរក្សាការពារកិត្តិយសសេចក្ដីថ្លៃថ្នូរ និងលើកស្ទួយអត្តសញ្ញាណជាតិ។
ឆ្លៀតក្នុងឱកាសដ៏រីករាយនេះ ឯកឧត្តម អគ្គលេខាធិការ បានអំពាវនាវឱ្យវិស្វករទាំងអស់ចូលរួមជាមួយគណៈវិស្វករកម្ពុជា ដើម្បីឱ្យអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិមួយនេះ បំពេញបេសកម្មរបស់ខ្លួនការប្រមូលផ្គុំដោយចុះបញ្ជីវិស្វករ គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈគ្រប់មុខជំនាញ និងជាស្ពានតភ្ជាប់វិស័យវិស្វកម្មជាតិទៅក្នុងតំបន់ និងសកលលោក៕