មកមើលស្ថានភាពប្រជាជនឥណ្ឌា-ប៉ាគីស្ថាននៅតំបន់ជម្លោះ Kashmir បានត្រឡប់មកភូមិឋានវិញ! បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ពេញ១ថ្ងៃ

អ្នកស្រុករាប់រយនាក់ ដែលបានភៀសខ្លួនចេញពីតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន បានត្រឡប់មកកាន់ផ្ទះរបស់ពួកគេវិញហើយ កាលពីថ្ងៃអាទិត្យនេះ បន្ទាប់ពីមួយថ្ងៃដែលទីក្រុងអ៊ីស្លាម៉ាបាដ និងញូវដេលី បានយល់ព្រមគ្នាលើបទឈប់បាញ់ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក។ ប្រទេសប៉ាគីស្ថាន និងឥណ្ឌា កាលពីថ្ងៃសៅរ៍ បានឈានដល់បទឈប់បាញ់គ្នាមួយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ ដែលពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីល មានទាំងការបាញ់កាំភ្លើងធំឆ្លងព្រំដែន និងការប្រយុទ្ធគ្នា តាមដែនអាកាសដ៏ក្តៅគគុកដែរ។ នៅជ្រលងភ្នំ Neelum របស់ប្រទេសប៉ាគីស្ថានដែលគ្រប់គ្រង ដោយប៉ាគីស្ថានផ្ទាល់ ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ឥណ្ឌា មើលទៅអ្នកស្រុកហាក់មានបានធូរស្រាលចិត្តជាងមុន បន្ទាប់ពីពួកគេបានផ្អាកបាញ់គ្នា។ គ្រូបង្រៀន នៅសាលាព្រំដែនម្នាក់ដែលមានឈ្មោះថា Abdul Qayyum Azad បាននិយាយថា “ក្មេងៗដែលរស់នៅទីនោះបានបាត់បង់ស្មារតី ដោយសារតែឃើញមនុស្សរបួស។ ប៉ុន្តែបទឈប់បាញ់ត្រូវបានចូលជាធរមាន ទាន់ពេលវេលា បន្ទាប់ពីការប្រយុទ្ធគ្នាពេញមួយយប់ នៅក្នុងតំបន់ជម្លោះ Kashmir ។ ប្រជាជននៅសងខាង នៃបន្ទាត់ព្រំដែនត្រួតស៊ីគ្នា ដែលបែងចែកទឹកដីនៅទីនោះ បានរាយការណ៍ពីការដោះដូរនូវបទបាញ់ប្រហារគ្នាយ៉ាងធ្ងន់ធ្ងរ រវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានបង្ហាញក្តីរីករាយទាំងសងខាង។ ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ នៅព្រឹកថ្ងៃអាទិត្យ ក្រោយពីប្រទេសទាំងពីរ បានយល់ព្រមលើបទឈប់បាញ់គ្នាពេញមួយថ្ងៃ និង បន្ទាប់ពីកិច្ចពិភាក្សាដើម្បីលុបចោលនូវការប្រឈមមុខដាក់គ្នា ផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុត រវាងភាគីទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការកើនឡើងនៃកម្តៅហឹង្សាបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីមានករណីសម្លាប់បាញ់សម្លាប់ ទៅលើអ្នកទេសចរ ២៦នាក់ នៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌាផ្ទាល់។ ពេលនោះហើយ ដែលឥណ្ឌាខឹងសម្បារខ្លាំងណាស់ និង បានបន្ទោសចំពោះការវាយប្រហារដ៏គឃ្លើននេះពីសំណាក់ក្រុមប្រយុទ្ធប៉ាគីស្ថាន និង បានចោទប្រកាន់រដ្ឋាភិបាលប៉ាគីស្ថាន ថានៅពីក្រោយរឿងនេះ ប៉ុន្តែប៉ាគីស្ថានបានបដិសេធថាមិនមានជាប់ពាក់ព័ន្ធនោះទេ។  រហូតដល់កំហឹងផ្ទុះឡើងខ្លាំងរយៈពេលជិត១សប្តាហ៍ ដោយសងសឹកគ្នា បាញ់គ្នាមិនឈប់ឈរ ទើបមេដឹកនាំកំពូលៗ នៅលើពិភពលោកនានា បានចេញមុខមកសម្របសម្រួល ដោយចុងក្រោយការសម្របសម្រួលបានលទ្ធផល តាមរយៈការចេញមុខរបស់ប្រធានាធិបតីអាមេរិក គឺ លោក Donald Trump ដែលជាបុគ្គលដំបូង ដែលចេញមកប្រកាសនៅទូទាំងពិភពលោក អំពីកិច្ចព្រមព្រៀងឈប់បាញ់របស់ឥណ្ឌា ប៉ាគីស្ថាន នៅលើបណ្តាញសង្គម X របស់លោក ទើបមនុស្សគ្រប់គ្នាដឹងថា វាជាការពិត នៃបទឈប់បាញ់ប្រាកដមែន៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ