អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងកិច្ចការនារី ខេត្តសៀមរាប រួមគ្នាបណ្តុះបណ្ដាលគ្រូបង្គោលស្រី្តជាម្តាយចូលរួមទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន។

ខេត្តសៀមរាប: ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងខេត្តសៀមរាប បានរួមគ្នាបណ្តុះបណ្ដាលគ្រូបង្គោល (ថ្នាក់តំបន់) ស្ដីពីលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ សិក្ខាសាលានេះ បានធ្វើឡើងដោយមានការចូលរួមពីក្រសួងកិច្វការនារី​និងមន្ទីកិច្ចការនារីខេត្តចំនួន​១៤ខេត្ត​ រួមមាន​ខេត្ត​សៀមរាប​ បាត់ដំបង​ បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ ប៉ៃ​លិន ព្រះវិហារ​ ក្រចេះ​ ស្ទឹងត្រែង​ ពោធិ៍សាត់​ កោះកុង​ កំពង់ឆ្នាំង ស្វាយ​រៀង​ កំពង់ស្ពឺ​  និងតាកែវ  សរុបចំនួន ៥១ នាក់​។ង ពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានរាយការណ៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយនេះ ដោយប្រកាន់ខ្ជាប់នូវគោលការណ័ “សម្អាត​ផ្ទះ​យើង​” និង”សម្អាត​ចកចេញពីបឹង” នៃបទបញ្ជាលេខ ០១បបស្តីពីការដាក់ចេញនូវវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​របស់សម្ដេចធិបតីហ៊ុន ម៉ាណែត។

ថ្លែងនាមលោកជំទាវកិត្តិបណ្ឌិត​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​ នា​ឱកាសនោះ​ដែរ លោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការ​ បានជំរុញដល់ស្រ្ដីដែលជាម្ដាយ ក៏ដូចជាមន្រ្ដីរាជការជាស្រ្ដី ប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នាទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន តាមរយៈការផ្សព្វផ្សាយអប់រំដល់ក្រុមគោលដៅថ្នាក់ស្រុក ឃុំ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ៊ានរាយការណ៍ដើម្បីងាយស្រួលដោះស្រាយទាន់ពេលធ្វើឱ្យសង្គមយើង សហគមន៍យើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើន ហើយការពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីឱ្យទទួលបានចំណេះដឹងពីទិដ្ឋភាពទូទៅ និងផលប៉ះពាល់នៃគ្រឿងញៀន ចូលរួមទប់ស្កាត់បាននូវការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅក្នុងគ្រួសារនិងសហគមន៍។

ជាមួយគ្នានេះដែរ វាគ្មិនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមាន ឯកឧត្តមឯម ហ៊យ  ឧត្តមសេនីយ៍ត្រី យិន យឿត  ឧត្តមសេនីយ៍ត្រី ឈិន ភូមា លោក វ ត្រី ចាន់ ផានិត បានបញ្ជាក់ជូនថាសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹងពី :អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន តួនាទីរបស់មាតាបិតា ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការចូលរួមមាតាបិតាក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ទីតាំងនៃការផ្ដល់សេវាព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការទាញនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃNoDrug ដើម្បីចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ https://nodrugsnacd.com/download_kh តាមរយ:លទ្ធផលតេស្តមុន និងក្រោយការបណ្តុះបណ្តាល៕