នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥
ក្នុងឱកាសអញ្ជើញដល់បញ្ហាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជាមេបញ្ជាការអង្គរក្ស និងឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ណុប រតនា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។
ក្នុងសន្ទរកថាស្វាគមន៍របស់ ឧត្តមសនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានរំលឹកថា បច្ចុប្បន្នបញ្ជាការដ្ឋានអង្គរក្ស មានកងអន្តរាគមន៍ជំនាញ ៣២អង្គភាពចំណុះ បានផ្ដើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា ដឹកនាំបញ្ជាដោយ នាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់បញ្ជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេបញ្ជាការ កងវរសេនាតូចលេខ២.៤៦។ ដោយមើលឃើញពីវីរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ពីក្រសួងការពារជាតិ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស របស់សម្តេចតេជោ បានបញ្ជាឱ្យ នាយឧត្ដមសេនីយ៍ គៀង សាវុធ និងឯកឧត្តម ជា សុផារា អតីតជា អភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនាសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូប ដឹកនាំដោយ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហឿង, នាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដើម្បីមកបម្រើការងារការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។ ដោយមានការវិវឌ្ឍរីកចម្រើនធំធាត់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យ បង្កើតជាវរៈសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះកងពលតូចលេខ៧០។ ហើយដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខ សុវត្ថិភាពជាចំបង ទើបសម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជា បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន។
កន្លងមកនេះ ក្រៅពីការងារការពារសន្តិសុខ សុវត្ថិភាពជូនសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បញ្ជាការដ្ឋានអង្គរក្សបានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទក្រហមកម្ពុជា ក្រសួងកសិកម្ម និងក្រសួងធនធានទឹក និងឧតុនិយម ចូលរួមការងារជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងការជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនរាប់មិនអស់។
បញ្ជាការដ្ឋាអង្គរក្ស បញ្ជាក់ពីជំហរយ៉ាងរឹងមាំ ចំពោះកិច្ចសហប្រតិបត្តិការដ៏សំខាន់មិនអាចខ្វះបានជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានអង្គរក្ស ស្នងការនគរបាលទូទាំង២៥រាជធានី-ខេត្ត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឲ្យទទួលបានជោគជ័យជានិច្ចនិរន្ត។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ឯកឧត្តម បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេសគោរពតាមបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។

ជាមួយគ្នានេះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមកនេះ ក្នុងនោះដោយមានការចូលរួមចំណែកពីបញ្ជាការដ្ឋានអង្គរក្ស ដូចជាជោគជ័យរៀបចំធានាសុវត្ថិភាពពិធីបួងសួងថ្វាយព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក្នុងពិធីអង្គរសង្គ្រានឆ្នាំថ្មី ពិសេសនៅក្នុងកិច្ចសហការធានាសន្តិសុខ សុវត្ថិភាពជូន ប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥កន្លងមកនេះ។

ឯកឧត្តម បានផ្តាំផ្ញើដល់បញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ២០០កេសធំ, មី ២០០កេសធំ, ទឹកដោះគោ ២០០កេស, ស្ករស ២តោន និងថវិកា ៤០០លានរៀល៕