ឯកឧត្តម សុខ ចាន់ភក្តី តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកាសារធារណៈក្នុងឃុំបុសលាវ ស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណៈប្រចាំខែឧសភា ឆ្នាំ២០២៥ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោះ ស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋបានស្នើសុំដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ក្នុងវេទិកា ក៏បានអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំបុសលាវ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ សរុប ២២០នាក់(ស្រី ៦៨នាក់) ។ ក្នុងការដោះស្រាយ និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើង គឺសុទ្ធតែត្រូវបានបងប្អូនដែលចូលរួមទទួលយកដោយរីករាយ។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបុសលាវ ភូមិបុសលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី។
រូបថត៖ ក្រុមការងារលេខាធិការដ្ឋានស្រុកចិត្របុរី