អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យ ការអភិវឌ្ឍគម្រោងប្រព័ន្ធលូរំដោះទឹក សម្រាប់រដូវវស្សា និង ពិនិត្យមើលការរុះរើសំណង់

ភ្នំពេញ ៖ អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាព នៃការ អភិវឌ្ឍគម្រោងប្រព័ន្ធលូរំដោះទឹក សម្រាប់រដូវវស្សា និង ពិនិត្យមើលការរុះរើសំណង់ ដើម្បីបន្តការបុកស៊ីផាយស្ដារប្រឡាយ។
លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ពីលទ្ធផល នៃការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិច នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង។
ជាមួយគ្នានេះ អាជ្ញាធរ ស្នើឱ្យប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញមកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន៕