ផ្លូវទឹកទន្លេមេគង្គចាប់ពីរាជធានីភ្នំពេញដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាមបាននិងកំពុងបន្តសិក្សាត្រៀមស្តារនាពេលខាងមុខ

ក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូននារសៀលថ្ងៃទី 8 ឧសភាឆ្នាំ 2025 ថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹកជញ្ជូន ព្រមទាំងបណ្ដាផ្នែកពាក់ព័ន្ធបានពិភាក្សាគ្នាផ្តោតសំខាន់ទៅលើលទ្ធផលសិក្សាគំរោងការស្ដារទន្លេមេគង្គចាប់ពីរាជធានីភ្នំពេញដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាមដែលមានប្រវែង106 គីឡូម៉ែត្រ ដើម្បីត្រៀមស្តារនាពេលខាងមុខសម្រួលដល់ការធ្វើដំណើររបស់នាវាចរណ៍ចំណុះ ៣០០០ DWT អាចធ្វើដំណើរបានពេញមួយឆ្នាំ ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលដឹកនាំកិច្ចប្រជុំនេះ បានលើកឡើងថា គម្រោងការស្តារទន្លេរមេគង្គនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលប្រកបដោយគត្តិបណ្ឌិតមួយទៀតដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនតាមជើងទឹក តាមដងទន្លេមេគង្គដ៏សំខាន់នៅក្នុងវិស័យដឹកជញ្ជូនដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះគម្រោងការនេះបច្ចុប្បន្នក្រុមបច្ចេកទេសបានផ្ដោតការសិក្សាលើកិច្ចការដែលត្រូវបូមស្តារកំណាត់ផ្លូវទឹកដែលរាក់ និងការងាររៀបចំទីតាំងសំរាប់ចាក់អាចម៍ដី ព្រមទាំងទីតាំងបំពាក់ដំឡើងសញ្ញាជំនួយនាវាចរណ៍។
សូមបញ្ជាក់ថា គម្រោងស្ដារទន្លេមេគង្គពីរាជធានីភ្នំពេញដល់ក្រុងកំពង់ចាមនេះនឹងចាប់ផ្ដើមនាពេលខាងមុខដ៏ខ្លីនេះបន្ទាប់ពីក្រុមបច្ចេកទេសរបស់រដ្ឋនិងក្រុមបច្ចេកទេសមកពីក្រុមហ៊ុន CRBC ចុះសិក្សា ពីគំរោងការស្ដារនេះរួចរាល់គ្រប់ជ្រុងជោយហើយនោះ៕