គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធាន ដើម្បី ដំណើរការរៀបចំ និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅខេត្តសៀមរាប

ភ្នំពេញ: នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន លើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ នៅខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំស្តីពីកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាន លើកទី៤៦ របស់អនុគណៈកម្មការ និងគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់ក្នុងការត្រៀមទុកជាមុន និងបានផ្តល់អនុសាសន៍បំពេញបន្ថែមនូវចំនុចខ្វះខាតមួយចំនួនដល់ក្រុមការងារយកទៅអនុវត្តន៍បន្ត។
គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ឧសភា ២០២៥ នឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបង្គោល មកពីប្រទេសសមាជិកអាស៊ានទាំង ១០ ព្រមទាំងមានការចូលរួមពី ប្រទេសទីម័រខាងកើតជាអ្នកអង្កេតការណ៍។ ហើយក៏មានការចូលរួមពី តំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និង សាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការរងអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌល-អាហា មន្ត្រីជាន់ខ្ពស់តាមអន្តរវិស័យអាស៊ាន ផងដែរ។