សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ បើគ្មានសន្តិភាព យើងមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍន៍បានទេ»។ សម្រាប់កម្ពុជា សន្តិភាពមិនមែនគ្រាន់តែជាអវត្ដមាននៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងនូវអនាគត

(ភ្នំពេញ) នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅស្ថានទូតរុស្សីរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា “បើគ្មានសន្តិភាព យើងមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍន៍បានទេ»។
ការលើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៨០ នៃជ័យជំនះរបស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២។
ជាមួយគ្នានោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធរុស្សី ចំពោះជ័យជំនះរបស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ ដែលជ័យជំនះនេះ មិនគ្រាន់តែបង្ហាញពីការបញ្ចប់អរិភាពនោះទេ វាបានធ្វើឱ្យមានក្តីសង្ឃឹមឡើងវិញសម្រាប់មនុស្សជាតិ និងបានបង្ហាញពីការលះបង់ ពលី និងការតស៊ូរួម ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព សម្រាប់ពិភពលោកទាំងមូល។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា កម្ពុជា បានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងភាពជូរចត់នៃសង្រ្គាម។ សម្រាប់ប្រទេសកម្ពុជា សន្តិភាពមិនមែនគ្រាន់តែជាអវត្ដមាននៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងនូវអនាគត ដែលជាមាគ៌ាមិនអាចខ្វះបានឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដូចប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា «បើគ្មានសន្តិភាព យើងមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍន៍បានទេ»។