សមាគម-អង្គការមិនមែនរដ្ឋាភិបាល ចំនួន១៧ បន្ថែមទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា 

ដើម្បីជួយសម្រួលដល់បន្ទុកមួយផ្នែក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា ដែលត្រូវការជំនួយជាចាំបាច់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយនឹងសមាគម-អង្គការមិនមែនរដ្ឋាភិបាល តាមរយៈការចុះកិច្ចព្រមព្រៀងគម្រោង។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១៧ បន្ថែមទៀត ដែលមានថវិកាសរុបជាង ១៥លានដុល្លារអាមេរិក អនុវត្តគម្រោង និងចំណាយដោយផ្ទាល់ជាមួយ សមាគម  និងអង្គការមិនមែនរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ បន្តទៀតថា គម្រោងទាំងនេះ នឹងអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ បាត់ដំបង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តសៀមរាប ដោយធ្វើសកម្មភាពជួយដល់ក្រុមគោលដៅ ជនរងគ្រោះ និងជនងាយរងគ្រោះ ដូចជាកុមារ ជនក្រីក្រ និងជនមានពិការភាពជាដើម។ គិតមកដល់បច្ចុប្បន្ននេះមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១៧៨ហើយ  ដែលបានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយថវិកាគម្រោងសរុប ជាង២២២លានដុល្លារអាមេរិក បានកើនទ្បើងចំនួន២០អង្គការ បើធៀបទៅនិងឆ្នាំមុន ដែលមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ១៥៨ និងថវិកាគម្រោងជាង១៧៩លាន ដុល្លារអាមេរិក។ 

ឯកឧត្តមបណ្ឌិត បញ្ជាក់ដែរថា ចំពោះវឌ្ឍនភាពការងាររបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាន គឺមួយផ្នែក បានមកពីកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងនឹងបន្តទៅមុខទៀត ដើម្បីបំរើក្រុមគោលដៅ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះនៅកម្ពុជា។

គួរបញ្ជាក់ដែលថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពី ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្តីពី ក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិស និងផ្ដល់ការណែនាំដល់គ្រប់ តួអង្គប្រតិបត្តិករទាំងអស់ អំពីនីតិវិធីនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ដើម្បីត្រៀមរួចជាស្រេច ក្នុងការអន្តរាគមន៍គាំពារសង្គម ដែលមានលក្ខណៈសមស្រប ឆ្លើយតបនឹងគ្រោះអាសន្នក្នុងពេលមានវិបត្តិ បន្ថែមលើផែនការគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សមាគម-អង្គការទាំងអស់ ដែលមានកិច្ចសហការជាមួយ ក្រសួងក្នុងការអនុវត្តសកម្មភាព ជួយដល់ក្រុមគោលដៅ ក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបន្ត និងផ្តល់អត្ថប្រយោជន៍អោយចំក្រុមគោលដៅ។