លោក Kim Jong Un ចុះត្រួតពិនិត្យរោងចក្រផលិតគ្រាប់កាំភ្លើងធំ ដើម្បីបន្តផ្គត់ផ្គង់ក្នុងសង្រ្គាមរុស្ស៊ីលើទឹកដីអ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា៖ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអំពាវនាវឲ្យពន្លឿនឧស្សាហកម្មអាវុធរបស់ខ្លួន និងត្រូវតែជំរុញដំណើរការផលិតគ្រាប់កាំភ្លើងធំឲ្យបានច្រើន ខណៈដែលប្រទេសនេះនៅតែបន្តផ្គត់ផ្គង់អាវុធ និងកងទ័ពដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បាននិយាយថា លោក Kim បានស្ថិតក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ រោងចក្រ ផលិតកាំភ្លើង និងគ្រឿងម៉ាស៊ីនសព្វាវុធ ដោយលោកបានស្ញើចសរសើរដល់កិច្ចខិតខំប្រឹងប្រែងនៃទំនើបកម្ម ដែលទីភ្នាក់ងារនេះបានអះអាងថា បានអនុញ្ញាតឱ្យបង្កើនសមត្ថភាពនៃគ្រឿងបរិក្ខារផលិតគ្រាប់ប្រចាំឆ្នាំរបស់ពួកគេទ្វេដងឡើង។ លោក Kim បានជំរុញឱ្យផលិតករផលិតគ្រាប់ទាំងអស់ត្រូវតែពន្លឿនដំណើរការផលិតគ្រាប់កាំភ្លើងធំបន្ថែមទៀត ដោយលោកបានហៅវាថាជារឿងដ៏សំខាន់សម្រាប់ការពង្រឹងប្រសិទ្ធភាពប្រយុទ្ធនៃកងកម្លាំងប្រដាប់អាវុធរបស់លោក ហើយថែមទាំងបានអំពាវនាវឱ្យមានការអភិវឌ្ឍន៍គ្រឿងចក្របែបទំនើបបន្ថែមទៀត ដើម្បីជំរុញផលិតគ្រាប់។ លើសពីនេះដែរ KCNA មិនបានលើកឡើងពីការអត្ថាធិប្បាយណាមួយពីសំណាក់មេដឹកនាំ Kim របស់ពួកគេទាក់ទងនឹងការគាំទ្ររបស់លោកចំពោះការលុកលុយរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លើទឹកដីអ៊ុយក្រែននោះទេ ប៉ុន្តែផ្អែកលើការវាយតម្លៃនៃការស៊ើបការណ៍សម្ងាត់មួយរបស់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានបង្ហាញថាកូរ៉េខាងជើងពិតជាបានបញ្ជូនទាហានប្រហែល ១៥០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីប្រាកដមែន ហើយទាហានជិត ៥០០០នាក់ក្នុងចំណោមពួកគេ ត្រូវបានគេសម្លាប់ ឬរងរបួសនៅពេលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ