នាយករដ្ឋមន្ត្រីឡាវឯកឧត្តម សនសៃ ស៊ីផាន់ដន ផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដល់ក្រសួងកសិកម្មកម្ពុជាតាមរយៈឯកឧត្តម ឌិត ទីណា ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រទេសទាំង២

កម្ពុជានិងឡាវជារដ្ឋសមាជិកអាស៊ានដែលមានអំណោយផលផ្ទៃដីកសិកម្ម និងភោគផលធម្មជាតិដូចគ្នាដែលជាកត្តាសំខាន់មួយសម្រាប់ចែករំលែកបទពិសោធន៍និងអភិវឌ្ឍន៍លើវិស័យនេះដូចគ្នា។ ក្រៅពីនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវហើយ ឯកឧត្តម ឌិត ទីណា បានរាយការណ៍ជូនលម្អិតអំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មកម្ពុជា-ឡាវ ជាច្រើនដែរ ព្រមទាំងបានលើកឡើងពីចំណុចអាទិភាពសំខាន់ៗដែលភាគីទាំងពីរបានឯកភាពគ្នា ជូនឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថែមទៀតផង អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ក្រសួងកសិកម្មកម្ពុជា រយៈពេល៣ថ្ងៃនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាការឆ្លើយតបប្រកបដោយភាពកក់ក្តៅឯកឧត្តមនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងបានលើកឡើងថា៖ ប្រទេសទាំងពីរកម្ពុជា-ឡាវ មានចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍវិស័យកសិកម្មមិនដែលដាច់ឡើង ដោយឯកឧត្តមក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដែលក្រសួងកសិកម្មឡាវតែងតែសកម្ម ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អាចពិចារណាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជា និងបន្តអនុវត្តគំនិតផ្ដួចផ្ដើមទាំងអស់ប្រកបដោយជោគជ័យជាមួយគ្នាផងដែរ។ សូមបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕