Show បង្ហាញឥទ្ធិពលស្នេហាជាតិរបស់ទាហានតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាននៅតែបន្ត ប៉ុន្តែពួកគេនៅតែគោរពកិច្ចសន្យាមិនបំផ្ទុះអាវុធ ជាដាច់ខាត

ភាពតានតឹងកាន់តែខ្លាំងឡើងៗរវាងភាគី ប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានគេមើលឃើញយ៉ាងច្បាស់ នៅតាមបណ្តាខេត្តជាប់ព្រំដែន ជាពិសេស គឺតំបន់ជម្លោះកាស្មៀរ ប្រែក្លាយជាស្ងាត់ជ្រងំ ប៉ុន្តែនៅតែគំរាមកំហែងគ្នាជាប់ជានិច្ច ក្រោយពីហេតុការណ៍បាញ់សម្លាប់ភ្ញៀវទេសចរណ៍ឥណ្ឌា២៦នាក់។ ក្នុងនោះតំបន់ Wagah ដីគោក Amritsa ដែលវាគឺជាកន្លែងឈរជើងរបស់ឆ្មាំទាហានតាមព្រំដែននៃភាគីទាំងពីរនៅតែបន្តរៀបចំពិធីបង្ហូតទង់ជាតិចុះរបស់ពួកគេមុនពេលថ្ងៃលិចដូចសព្វមួយដង។ នេះជាការអនុវត្តន៍ប្រចាំថ្ងៃអស់ជាច្រើនទសវត្សរ៍មកហើយ ហើយវាក៏បានក្លាយទៅជាទិដ្ឋភាពដ៏ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បែបឌឺដងដាក់គ្នា បង្អួតឥទ្ធិពលគ្នា លើទឹកដីព្រំដែនរៀងៗខ្លួន ដោយគ្មានគ្រឿងផ្ទុះជាដាច់ខាត។ នៅពេលដែលព្រះអាទិត្យលិចពាសពេញផ្ទៃមេឃជារៀងរាល់ថ្ងៃគេបានសង្កេតឃើញក្រុមទាហានបុរសដែលមានឯកសណ្ឋានក្រុម Rangers ប៉ាគីស្ថាន និងកងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបានបញ្ចេញសកម្មភាពដង្ហែក្បួនទ័ពរបស់ខ្លួនជាមួយនឹងភាពជឿជាក់ មុសមុត យ៉ាងខ្លាំង ដើម្បីសម្ញែងដល់គូសត្រូវរបស់ពួកគេ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះ គឺជំហានបោះខ្ពស់ៗ យ៉ាងស្វាហាប់របស់ពួកគេ បានលាតសន្ធឹងលាន់ឭទៅលើអាកាសា ជាមួយនឹងស្បែកជើងកវែងដ៏អង់អាច អមជាមួយនឹងទឹកមុខក្លាហានមិនចុះញ៉មសម្រាប់ទស្សនិកជនដែលអង្គុយទស្សនាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ហ៊ោកញ្រ្ជៀវ ទះដៃសាទរផងដែរ។ ក្នុងចំណោមអ្នកទស្សនាដោយមានកៅអីអង្គុយរាប់រយនាក់នៃភាគីទាំងពីរ ពួកគេពិតជាចូលចិត្តទស្សនាការសម្តែងនេះខ្លាំងណាស់ វាជាមោទនភាពផងសម្រាប់ការបង្ហាញពីការស្នេហាជាតិរបស់ពួកគេចំពោះប្រទេសជាតិខ្លួនឯង ដោយមានទាំងយុវជន ស្ត្រី និងកុមារបានមកអបអរទាហានរបស់ខ្លួនជាប្រចាំថ្ងៃ មិនដែលអាក់ខានឡើយ ជាពិសេសទោះស្ថិតក្នុងស្ថានភាពតានតឹងដាក់គ្នាក្តី ប៉ុន្តែតំបន់នេះគឺគោរពកិច្ចសន្យាមិនមានផ្ទុះអាវុធឡើយ ក្រៅពីបញ្ចេញកាយវិការបង្ហាញមហិទ្ធិឬទ្ធិ និង បង្អួតស្មារតីស្នេហារជាតិរវាងគ្នានឹងគ្នា។ អ្នកចូលរួមម្នាក់ឈ្មោះ Aqasa Hafeez បាននិយាយថា នាងគឺជាជនជាតិប៉ាគីស្ថាន នាងពិតជាមានមោទនភាព ហើយប៉ាគីស្ថានគឺជាប្រទេសដែលស្រលាញ់សន្តិភាពណាស់ ហើយ“ប៉ាគីស្ថាន និងឥណ្ឌាគួរតែដោះស្រាយបញ្ហាតានតឹងនៅពេលនេះរបស់ពួកគេតាមរយៈការសន្ទនា ព្រោះការបង្ករសង្គ្រាមវានឹងមិនល្អសម្រាប់នរណាម្នាក់ ឬភាគីណាមួយឡើយ”។ លើសពីនេះនាងបាននិយាយទៀតថា ប្រសិនបើឥណ្ឌាពិតជាចង់វាយប្រហារប៉ាគីស្ថានមែន នោះកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ក៏នឹងឆ្លើយតបយ៉ាងខ្លាំងទៅវិញដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ