វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥,២៥០ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់សោម និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ

ពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងក្រោមអធិ បតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជ រដ្ឋា ភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បត្តិ៍ទី០១ ខែឧសភា ឆ្នាំ២០២៥នៅក្នុងបរិវេណវត្តស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ពិធីផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន វត្ថុ ពិតជាមានសារៈសំខាន់ស្របពេលដែល ព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរឈានទៅមុខលើមាគ៌ាសន្តិភាពប្រជាធិប តេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយស្មើ មុខស្មើមាត់ដូចបណ្តាប្រទេសជឿន លឿនលើពិភពលោក។ ឯកឧត្តមបានបញ្ជាក់ថា ពេលនេះយើងរៀបចំបណ្ណចំនួន ៥.២៥0បណ្ណ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ក្នុងនោះ៖ ចំនួន ៣.០៩០បណ្ណ ប្រភពមកពីអំណោយរដ្ឋបានចុះហត្ថ លេខារួច និងអាចផ្តល់ជូនប្រជាពលរដ្ឋបាន។ ចំនួន ៨៤១បណ្ណ ប្រភពមកពីអំណោយឪពុកម្តាយ សាច់ ញាតិមិនទាន់ចុះហត្ថលេខា និងតម្រូវឱ្យម្ចាស់ដកសំណុំឯកសារបញ្ជួនទៅបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពន្ធសូន្យ ឬអនុគ្រោះពន្ធនៅសាខាពន្ធដារខេត្តជាមុនសិន។ ចំនួន ១.៣១៩បណ្ណ ប្រភពមកពីការទិញលក់មិនទាន់ចុះហត្ថលេខា និងតម្រូវឱ្យម្ចាស់ដកសំណុំឯកសារបញ្ជូនទៅបង់ពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅសាខាពន្ធដារខេត្តជាមុនសិន។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ពុកម៉ែ បងប្អូន ដែលជាម្ចាស់ក្បាលដីទាំងអស់ ព្រោះថាការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធទទួលបានជោគជ័យ គឺដោយមានការចូលរួមពីពុកម៉ែ បងប្អូន តាំងពីជំហានដំបូង រហូតឈានដល់ការបិទផ្សាយនូវទិន្នន័យក្បាលដីដែលក្រុមការងារប្រមូលបានក្នុងការប្រមូលធាតុចូលសម្រាប់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខប្រព័ន្ធក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ចាក់ ថា សម្រាប់ខេត្តព្រះសីហនុ ការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធត្រូវបានបញ្ចប់ទាំង ១១១ភូមិ ហើយអ្វីដែលនៅសេសសល់ យើងនឹងខិតខំសម្របសម្រួលដោះស្រាយ និងឈានដល់ការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពុកម៉ែនាពេលខាងមុខ ។ ទន្ទឹមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់មេភូមិ និងចៅសង្កាត់ត្រូវបោះបង្គោលកំណត់ព្រំភូមិនីមួយៗដើម្បីដាក់ចូលប្រព័ន្ធកូដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់អចលនវត្ថុ ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានព្រឹទ្ធសភា បានទទួលស្គាល់កម្មសិទ្ធស្របច្បាប់ចាប់ពីឆ្នាំ១៩៨៩មក ក្នុងការផ្តល់នូវសុវត្ថិភាពក្នុងការកាន់កាប់អចលនវត្ថុ ដូច្នេះសូមប្រើប្រាស់បណ្ណកម្មសិទ្ធរបស់យើងឪ្យបានត្រឹមត្រូវ ។
សូមជម្រាបថា ការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៥,២៥០ប័ណ្ណ និងមោឃ ភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ គឺមាន ភូមិស្មាច់ដែង ភូមិថ្មធំ ភូមិរាម ភូមិអុង ឃុំរាម ស្រុកព្រៃនប់ បច្ចុប្បន្នសង្កាត់រាម ក្រុងកំពង់ សោម និងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។