ក្រោយកាន់តំណែង១០០ថ្ងៃរបស់លោក Donald Trump សេដ្ឋកិច្ចធ្លាក់ចុះខ្សោយ០.៣% ប៉ុន្តែលោកបែរជាបកស្រាយវិញ ថាវាជា«សេដ្ឋកិច្ចរបស់លោក Joe Biden» ដែលធ្វើឲ្យលោកស្រី Kamala Harris ដាក់ចំៗទៅវិញថា……  

លោកប្រធានាធិបតីអាម៉េរិក Donald Trump បានថ្លែងសុន្ទរកថាកាលពីថ្ងៃពុធនេះ(ម៉ោងនៅអាម៉េរិក)ស្តីពីការវិនិយោគនៅសហរដ្ឋអាមេរិក បន្ទាប់ពីមានរបាយការណ៍សេដ្ឋកិច្ចចេញផ្សាយដ៏គួរឱ្យព្រួយបារម្ភរបស់នាយកដ្ឋានពាណិជ្ជកម្ម។ របាយការណ៍នោះបាននិយាយថា៖ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ០.៣% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៥នេះ និងបន្ទាប់ពីលោក Trump បានចូលកាន់តំណែងអាណត្តិទី២របស់លោកតាំងពីខែមករាមក រយៈពេល១០០ថ្ងៃហើយ។ ភ្លាមៗលោក Trump បានស្តីបន្ទោសចំពោះស្ថានភាពធ្លាក់ចុះនៃសេដ្ឋកិច្ចបច្ចុប្បន្នរបស់អ្នកកាន់តំណែងអាណត្តិមុន គឺគណបក្សប្រជាធិបតេយ្យដោយសំដៅទៅលើលោក Joe Biden ដោយលោក Trump បាននិយាយថា “ទាំងនេះគឺជាសេដ្ឋកិច្ចដែលសេសសល់របស់លោក Biden ពីព្រោះយើងបានចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ ហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាត្រូវតែផ្តល់ពេលវេលាឱ្យពួកយើងបន្តិចដើម្បីផ្លាស់ប្តូរស្ថានភាពនេះ ព្រោះវានៅជាចរន្តសេដ្ឋកិច្ចរបស់លោក Biden នៅឡើយទេ ។ លោក Trump ក៏បានរិះគន់ប្រធានធនាគារកណ្តាលលោក Jerome Powell ហើយម្តងទៀត ដោយបានអំពាវនាវឱ្យលោកត្រូវកាត់បន្ថយអត្រាការប្រាក់របស់ធនាគារដែរ។ លោក Trump បាននិយាយបន្ថែមថា៖ ខ្ញុំគិតថាខ្ញុំយល់ដឹងពីការប្រាក់ច្រើនជាងលោកប្រធានធនាគារទៅទៀត ។ លោក Trump បានចំណាយពេលមួយថ្ងៃដើម្បីព្យាយាមពន្យល់នូវការធានាដល់ប្រទេសដែលកំពុងមានភាពភ័យខ្លាចឡើងវិញថា ពន្ធគយរបស់លោកនឹងមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនោះទេ បន្ទាប់ពីរបាយការណ៍ដែលផ្តល់ឲ្យរដ្ឋាភិបាលថ្មី ដែលថាសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនោះ។ ក្នុងបញ្ចីឈ្មោះអ្នកវិភាគសេដ្ឋកិច្ច និងវិនិយោគិនជាច្រើនដែលតំកល់នៅសេតវិមាន គឺមានទាំង CEO នៃក្រុមហ៊ុនដ៏យូរអង្វែងរបស់លោក Trump ដែរ ដោយលោកបាននិយាយថាក្រុមហ៊ុនសន្យាថានឹងបន្តបណ្តាក់ទុននៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Eli Lilly, Novartis, AbbVie, Merck, Abbott, IBM និង GE Aerospace ក៏ដូចជាក្រុមហ៊ុនផលិតរថយន្ត Toyota និង Hyundai ដែរ។ មិនយូរប៉ុន្មានអតីតអនុប្រធានាធិបតីអាម៉េរិក និង ជាគូប្រជែងដ៏កក្រើករបស់លោក Trump គឺលោកស្រី Kamala Harris បានប្រើប្រាស់សុន្ទរកថានៅក្នុងកម្មវិធីដ៏ល្បីមួយដែរ ដើម្បីបញ្ចេញសម្លេងរិះគន់ចំៗដល់លោកប្រធានាធិបតី Donald Trump ខ្លាំងៗដែរសខណៈពេលមានការរំពឹងទុកថាតើ លោកស្រីនឹងធ្វើយុទ្ធនាការប្រជែងប្រធានាធិបតីមួយផ្សេងទៀត ឬចូលរួមឈរឈ្មោះជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាដែរឬទេ? លោកស្រី Harris បានថ្លែងសុន្ទរកថាពីកម្មវិធីគម្រប់ខួប២០ឆ្នាំរបស់ Emerge America ដែលជាអង្គការជ្រើសរើស និង      បណ្តុះបណ្តាលស្ត្រីដើម្បីលទ្ធិលប្រជាធិបតេយ្យឱ្យឈរឈ្មោះក្នុងតំណែងខ្ពស់ បានធ្វើឡើងមួយផ្នែកសម្រាប់គាំទ្រលោកស្រី Harris និងធ្លាប់ធ្វើជាមេធាវីប្រចាំរដ្ឋ San Francisco ដែរនៅដើមទសវត្សរ៍ឆ្នាំ២០០០។ សុន្ទរកថារបស់លោកស្រីបានធ្វើឡើយស្របពេលគ្នានឹងរយៈពេល ក្រោយពី១០០ថ្ងៃនៃការចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិករបស់លោក Trump និងជាសុន្ទរកថាសាធារណៈទ្រង់ទ្រាយធំបំផុតដំបូងរបស់លោកស្រីចាប់តាំងពីបានចាកចេញពីតំណែងក្នុងខែមករាមក ក្រោយពីចាញ់ការបោះឆ្នោតជាមួយលោក Donald Trump ។ លោកស្រី Kamala Harris បាននិយាយសង្កត់ធ្ងន់ថា៖ ជំនួសឱ្យរដ្ឋបាលដែលធ្វើការដើម្បីជំរុញឧត្តមគតិខ្ពស់បំផុតរបស់អាមេរិក យើងកំពុងធ្វើជាសាក្សីពីការបោះបង់ចោលនូវឧត្តមគតិទាំងអស់នោះហើយ ពេលនេះរដ្ឋបាល Trump កំពុងស្ថិតក្នុងដំណើរការនៃរបៀបវារៈដែលលោកស្រីធ្លាប់បានពិពណ៌នាថាជាចក្ខុវិស័យដ៏តូចចង្អៀត និងបម្រើឲ្យតែឧត្តមគិតិខ្លួនឯងជាធំនៅសហរដ្ឋអាមេរិក៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ