ឯកឧត្តម នេត្រ ភក្ត្រា និងផលិតករខ្សែភាពយន្ត Hollywood ល្បីល្បាញ បានជួបពិភាក្សាគ្នាដើម្បីធ្វើកិច្ចសហការក្នុងការផលិតឯកសារវីដេអូស្តីពីសក្តានុពលដ៏សម្បូរណ៍របស់ប្រទេសកម្ពុជា ការអភិវឌ្ឍរីកចម្រើន និងតំបន់ទេសចរណ៍ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ការថតភាពយន្តឯកសារ និងការថតភាពយន្ត ដែលបង្ហាញពីដំណើរការអភិវឌ្ឍរីកចម្រើន និងតំបន់ទេសចរណ៍នានាជាច្រើននៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការងារដ៏សំខាន់សម្រាប់ធ្វើការផ្សព្វផ្សាយពីសក្តានុពលដ៏ច្រើនរបស់ប្រទេសកម្ពុជា រួមមានសក្តានុពលទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជាទៅក្រៅប្រទេស ហើយក៏ជាច្រកមួយដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងៗទៀតមានការចាប់អារម្មណ៍មកយកព័ត៌មាននៅកម្ពុជា អាចធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានបាន។

ចំណុចសំខាន់ៗនៃគម្រោងកិច្ចសហការថតភាពយន្តឯកសារនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក David Elliott Ulmer នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) និងលោក Mario Kassar ផលិតករខ្សែភាពយន្ត Hollywood ល្បីល្បាញ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។

  លោក David Elliott Ulmer ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន CBS (CTN, MyTV, CNC, CBS Digital) បានជម្រាបជូនថា ការដែលលោក ដឹកនាំ លោក Mario Kassar ជាផលិតករខ្សែភាពយន្ត Hollywood ល្បីល្បាញ មកពីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា នាឱកាសនេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងឧស្សាហកម្មភាពយន្ត, ការផ្សព្វផ្សាយទូរស្សន៍ រួមទាំងគោលបំណងផលិតភាពយន្តនៅកម្ពុជា ៕