មនុស្ស១៥នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍ភ្លើងឆាបឆេះទីក្រុង Kolkata ប្រទេសឥណ្ឌា ខណៈដែលអាជ្ញាធរ និងអ្នកម៉ៅការសំណង់ចោទគ្នាទៅវិញទៅមក

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសនៃទីក្រុង Kolkata នៅថ្ងៃពុធនេះបានអោយដឹងថាមានករណីភ្លើងឆាបឆេះសណ្ឋាគារមួយកន្លែង ដែលស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌាហើយបានបណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់។
មន្ត្រីប៉ូលិសជាន់ខ្ពស់ លោកម៉ាណូជ គុមារ វើម៉ា (Manoj Kumar Verma) បានប្រាប់អ្នកសារព័ត៌មានប្រចាំទីក្រុង Kolkata ថា៖ អគ្គិភ័យបានឆាបឆេះនាយប់ថ្ងៃអង្គារនោះក្នុងសណ្ឋាគារ Rituraj ដែលស្ថិតនៅចំកណ្តាលក្រុង Kolkata ហើយត្រូវបានគេពន្លត់យ៉ាងរហ័សដោយប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង។ យ៉ាងណាមិញចំពោះមូលហេតុឆាបឆេះនោះនៅមិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែយោងតាមសារព័ត៌មាន The Telegraph របស់ទីក្រុង Kolkata បានរាយការណ៍ទៀតថា៖ មានមនុស្សម្នាក់បានស្លាប់ក្រោយពេលរូបគេសម្រេចលោតចុះពីលើដំបូលសណ្ឋាគារដើម្បីព្យាយាមរត់គេចពីហេតុការណ៍ឆាបឆេះនោះ។ បន្ទាប់ពីហេតុការណ៏ឆាបឆេះដែលបានកើតឡើងនោះដែរ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារេនដ្រា ម៉ូឌី (Narendra Modi) បានបង្ហោះសារនៅលើបណ្តាញសង្គម X សម្តែង មរណៈទុក្ខ ចំពោះការបាត់បង់អាយុជីវិតរបស់ជនរងគ្រោះក្នុងហេតុការណ៍ឆាបឆេះថែមទៀតផង។ គួរបញ្ជាក់ផងដែរថាគ្រោះអគ្គិភ័យតែងតែកើតឡើងជារឿយៗក្នុងប្រទេសឥណ្ឌា ដែលបណ្ដាលមកពីភាពធ្វេសប្រហែសរបស់អ្នកសាងសង់ និងប្រជាជនដែលមិនគោរពបទដ្ឋានសំណង់និងសុវត្ថិភាព។ ក្រុមអ្នកអង្កេតបាននិយាយថា៖ ក្រុមការងារទទួលបន្ទុកការងារសាងសង់សណ្ឋាគារនេះ គឺបានកេងប្រវ័ញ្ចចំណាយនៃសំណង់ ដោយមិនគិតអំពីសុវត្ថិភាពទូទៅឡើយ ហើយបែរជាបានចោទប្រកាន់អាជ្ញាធរក្នុងមូលដ្ឋានថាធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ទៅវិញ។ គួររំលឹកថានៅក្នុងឆ្នាំ២០២២មនុស្ស២៧នាក់បានស្លាប់ ក្នុងករណីភ្លើងឆេះអគារពាណិជ្ជកម្ម៤កន្លែងផ្សេងគ្នានៅទីក្រុងញ៉ូវដេលី(New Delhi)៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា