ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ”

នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥, នៅសណ្ឋាគារសុខាភ្នំពេញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំវត្តមានរបស់ឯកឧត្តមបណ្ឌិត វងសណ្តាប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រីអភិបាលអភិបាលរងនៃគណអភិបាលរាជធានី ខេត្ត, លោក លោកស្រីប្រធានអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត, លោកលោកស្រី អភិបាលអភិបាលរង នៃគណៈអភិបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងលោកមេឃុំ ចៅសង្កាត់គោលដៅ ដែលមានវត្តមានផ្ទាលសរុបប្រមាណ ​ នាក់ ព្រមទាំងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត ទូទាំងប្រទេសចូលរួមតាមប្រព័ន្ធអនលាញ Zoom meeting

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសពីរដ្ឋបាលថ្នាកក្រោមជាតិ ដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាព

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី)​ នេះ មិនមែនជាច្បាប់ដំបូងនោះទេ ប៉ុន្តែឯកសារនេះបានវិវត្តន៍ជាបន្តបន្ទាប់ពីច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងក្រុង ឆ្នាំ១៩៩៨ និងបន្ទាប់មកត្រូវបានកែសម្រួលឡើងវិញជា ច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១១ និងនៅជាធរមានដល់សព្វថ្ងៃ។

ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងដោយមានការសិក្សាលើទិដ្ឋភាពសំខាន់ៗ និងចាំបាច់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍នៃការអនុវត្តកន្លងមក និងការធានាបាននូវភាពស៊ីសង្វាក់គ្នាទៅនឹងការកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ពិសេស បានគិតគូរអំពីកត្តាចាំបាច់មួយចំនួន ដូចជា កត្តាសមត្ថភាព និងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលអនុវត្ត ក្នុងគោលដៅផ្តល់ឆន្ទានុសិទ្ធិកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការរៀបចំ និងអនុវត្តថវិកា។

ទន្ទឹមនេះ ស្របតាច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣,សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗ រួមមាន (១). ការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្តម្ភទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២). ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា និង (៣). ការសិក្សា ពិនិត្យ និងថ្លឹងថ្លែងជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់។