ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកជំទាវ ទុន ទងគូ ម៉ាយមុន ប៊ីនទី ទួន ម៉ាត់ ប្រធានតុលាការកំពូល នៃប្រទេសម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ទុន ទងគូ ម៉ាយ មុន ប៊ីនទី ទួន ម៉ាត់(Tun Tengku Maimun Binti Tuan Mat) ប្រធានតុលាការកំពូល នៃប្រទេសម៉ាឡេស៊ី និងជាប្រធានសមាគមច្បាប់អាស៊ាន ព្រមទាំងគណៈប្រតិភូអមដំណើរក្នុងឱកាសដែល លោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរព័ត៌មានអំពីច្បាប់ និងតុលាការនៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីការជួយផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ចុះបញ្ជីសំណុំរឿងក្តី(E-Filing និងការ គ្រប់គ្រងសំណុំរឿងក្តី(CMS) ដែលតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា កំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រៀមរៀបចំបង្កើតឡើងនៅពេលខាងមុខ។

នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានតុលាការកំពូលកម្ពុជា បានសំដែងនូវសេចក្ដីសោមនស្សរីករាយនិងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានតុលាការកំពូលម៉ាឡេស៊ី និងគណៈប្រតិភូ និងបានជម្រាបជូនគណៈប្រតិភូជ្រាប អំពីការរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា រួមទាំងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ ដែលកំពុងផ្តល់នូវផ្លែផ្កាគួរជាទីពេញចិត្ត។

នៅក្នុងឱកាសនោះដែរ លោកជំទាវប្រធានតុលាការកំពូលម៉ាឡេស៊ី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង កោតសរសើរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ហើយសន្យាថានឹងធ្វើសហប្រតិបត្តិការជាមួយតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការចែករំលែកចំណេះដឹង បទពិសោធជាក់ស្ដែងនៃការបង្កើតនិង ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងតុលាការម៉ាឡេស៊ី ដល់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារនេះដែរ លោកជំទាវប្រធានតុលាការកំពូលម៉ាឡេស៊ី និងគណៈប្រតិភូ បានធ្វើទស្សនកិច្ចអគារតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសំណង់អគារបុរាណមានរចនាបថដ៏ល្អពីសម័យមុន និងជាសម្បត្តិវប្បធម៌ជាតិដែលត្រូវបន្តអភិរក្សផងដែរ៕