សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អរគុណបណ្តាញចលនាស្រ្តីស្រុកមុខកំពូលដែលបានប្តេជ្ញាចិត្តមោះមុតការពារសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋបន្តទៀតសម្រាប់សេចក្តីសុខកូនចៅជំនាន់ក្រោយ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឆន្ទៈមោះមុត របស់ក្រុមការងារចលនាស្រ្តីស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបេ្តជ្ញាចិត្តយ៉ាងមោះមុត នៅក្នុងការបន្តការពារ ថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាក ជាពិសេសការធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយយកអាយុជីវិតទៅប្តូរ របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះ-ឈ្នះ និងដែលកំពុងការពារ យ៉ាងមុតមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
នៅក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្តេជ្ញារក្សាការពារសុខសន្តិភាព សុវត្ថិភាពនិងសន្តិសុខសង្គម ដែលទទួលបានដោយលំបាក ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយជានិច្ចកាល ត្រូវរំលឹកគុណ និងអរគុណសន្តិភាព តាមស្មារតីមុតស្រួច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងារចលនាស្រ្តីស្រុកមុខកំពូល ដែលតំណាងដោយលោកស្រី ធិន សារ៉ូ បានគូសបញ្ជាក់ពីការគំាទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតាមយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។
សម្តេចរដ្ឋសភាធីបតី ឃួន សុដារី បានថ្លែងអំណរគុណ ចំពោះទឹកចិត្តស្រឡាញ់ គំាទ្រនិងការប្តេជ្ញាចិត្តការពារថែររក្សាសុខ សន្តិភាពឱ្យបានគង់វង្ស ដើម្បីសេចក្តីសុខដល់កូនចៅជំនាន់ក្រោយ ពោលគឺការពារសុខសន្តិភាពនៅពេលនេះមិនត្រឹមដើម្បីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដើម្បីសេចក្តីសុខ
ភាពសម្បូរសប្បាយរបស់កូនចៅជំនាន់ក្រោយផងដែរ។ ។ សម្តេចបានអរគុណចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមការងារចលនាស្រ្តីស្រុកចំពោះការដឹកនាំរបស់អគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជានិងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពលបានកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយទស្សន:វែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេស ជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
នៅក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់នោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់បណ្តាញស្រ្តីឃុំ ភូមិ ឱ្យបន្តនូវវប្បធម៌សាមគ្គីគ្នាឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលការណ៍ “រក្សាចាស់បង្កើនថ្មី” ដោយធ្វើយ៉ាងណាត្រូវរក្សាភាពឈ្នះ នាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀតពិសេសសម្រាប់ការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ខាងមុខនេះ និងត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវតម្រូវការរបស់ពួក
គាត់ហើយរួមគ្នាដោះស្រាយនិងរាយការណ៍ជូនថ្នាក់ដឹកនាំ ឱ្យបានលឿន ក្នុងការដោះស្រាយជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាក្នុងនាមជាសមាជិកក្រុមការងារចលនាស្រ្តីស្រុកមុខកំពូល ត្រូវក្តាប់ឱ្យជាប់នូវសេចក្តីសម្រេចនិងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដែលបានឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាការលើកកម្ពស់ជីវភាព ការផ្តល់សេវាសាធារណ:ជូនពលរដ្ឋ ដែលមានដូចជាគោលនយោបាយជាតិគំាពារសង្គម មានការផ្តល់ផលប្រយោជន៍ជាច្រើន ជូនពលរដ្ឋលើសេវាថែទំាសុខភាព និងជីវភាពរស់នៅ ពិសេសស្រ្តីនៅពេលពពោះនិងពេលសម្រាលបុត្រនោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងពីគោលការណ៍លើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តតំាងពី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ មកម៉្លេះ ពោលគឺថ្នាក់ដឹកនាំតែងតែលើកកម្ពស់តម្លៃនិងសិទ្ធិរបស់ស្រ្តី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីដូចជាខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ សម្តេចធិបតី ក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន និងថាស្រ្តីជាបេះដូងរបស់គ្រួសារនិងជាវិចារណញ្ញាណនៃប្រទេសជាតិ»៕