សប្បាយក្លាយជាទុក្ខ! គ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រីដ៏ល្បីជាង៥ទសវត្សរ៍ Jet Set Club នៅសាធារណរដ្ឋដូមីនីកែនបណ្តាលឲ្យមនុស្សស្លាប់ជិត៨០នាក់ របួសជាង២០០នាក់ភ្លាមៗមិនគួរឲ្យជឿ

អាជ្ញាធរបាននិយាយថាដំបូលក្លឹបរាត្រីដ៏ល្បីមួយកន្លែងក្នុងរដ្ឋធានី Dominican នៃសាធារណរដ្ឋដូមីនីកែន បានដួលរលំបាក់ធ្លាក់ចុះកាលពីរំលងអាធ្រាតថ្ងៃអង្គារ៍ឈានចូលថ្ងៃពុធនេះ អំឡុងពេលដែលការប្រគុំតន្ត្រី merengue កំពុងដំណើរការដែលមានអ្នកចូលរួមរាប់រយនាក់ មានទាំងអ្នកនយោបាយ អត្តពលិក និងប្រជាពលរដ្ឋជាច្រើនទៀត មកដល់ពេលនេះរកឃើញមនុស្សស្លាប់ចំនួន៧៩នាក់ហើយ និងជាង២០០នាក់រងរបួស។ លោក Juan Manuel Méndez នាយកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់បាននិយាយថា ក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតពីគំនរបាក់បែកនៃដំបូលក្លឹបរាត្រី Jet Set មួយជាន់នេះដែលស្ថិតនៅទីក្រុង Santo Domingo ។ មុនពេលកើតហេតុមានមនុស្សជាង៣០០នាក់បានមកកំសាន្តសប្បាយនៅទីនេះ ក្នុងនោះមានទាំងអ្នកនយោបាយ កីឡាករអត្តពលិកក៏ស្ថិតក្នុងចំណោមអ្នកដែលចូលរួមនៅ Jet Set Club នេះដែរ។ ក្រុមមន្ត្រីបាននិយាយទៀតថាគ្រោះថ្នាក់នេះ វាបានកើតឡើងលឿនខ្លាំងណាស់ ដោយយើងមិនអាចកំណត់បានពីមូលហេតុធ្លាក់រលំដំបូលនោះឡើយ។ វាបានបាក់ចុះមកនៅពេលយប់រំលងអាធ្រាត ដោយដំបូងឡើងយើងរកឃើញមនុស្សស្លាប់តែជាង១០នាក់ទេ ប៉ុន្តែដល់ព្រឹកឡើងចំនួនមនុស្សស្លាប់កើនជាង៧០នាក់ និងបន្តបន្ទាប់ជិត៨០នាក់ហើយ ដែលវាពិតជាធ្វើឲ្យក្រុមការងាររន្ធត់ខ្លាំងណាស់ ខណៈដែលហ្វូងមនុស្សរាប់រយនាក់បាសម្រុកមករង់ចាំមើលដំណឹងពីមនុស្សជាទីស្រលាញ់របស់ពួកគេរង់ចាំយ៉ាងអន្ទះសារនៅក្បែរខាងបរិវេណនោះ។ ក្រុមគ្រួសារក៏បានប្រមូលផ្តុំគ្នានៅវិទ្យាស្ថានមួយក្រោយពីធ្វើកោសល្យវិច្ច័យដើម្បីកំណត់អត្តសញ្ញាណសាកសពដែលយកចេញពីគំនរក្លឹបរាត្រីនោះ ដោយខ្លះកាន់រូបថតសាច់ញាតិរបស់ពួកគេស្រែកយំក្តុកក្តួលជាពន់ពេក។ Jet Set Club គឺជាក្លឹបរាត្រីដ៏ល្បីឈ្មោះមួយនៅភាគខាងត្បូងទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីនីកែន ដែលបានដំណើរការអស់រយៈពេលជិត៥ទសវត្សរ៍មកហើយ។ ពីដើមគេស្គាល់ឈ្មោះវាថា “Jet Set Mondays” ដែលជាទីតាំងបង្ហាញការសម្តែងដោយសិល្បករក្នុងស្រុក និងអន្តរជាតិ និងប្រមូលផ្តុំដោយតារាល្បីៗមកពីពិភពកីឡា និងអាជីវកម្មចម្រុះ។ ខណៈពេលដែលការស៊ើបអង្កេតកំពុងដំណើរការយ៉ាងស៊ីជម្រៅលើករណីនេះ អាជ្ញាធរក៏មិនទាន់ផ្តល់អត្ថាធិប្បាយអ្វីទាំងអស់ ខណៈចំនួនមនុស្សស្លាប់អាចនឹងត្រូវកើនឡើងបន្ថែមទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ