សកម្មភាពមេដឹកនាំកូរ៉េខាងជើងលោក  Kim Jong Un ទស្សនាសកម្មភាពហ្វឹកហ្វឺនកម្លាំងទ័ពពិសេសនិងត្រួតពិនិត្យក្រុមកាំភ្លើងឈ្លបបាញ់ ក្រោយពីអាម៉េរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍ថា វត្តមាននៃមេដឹកនាំកូរ៉េខាងជើងរបស់ពួកគេគឺលោក Kim Jong Un បានអញ្ជើញទៅទស្សនាការហ្វឹកហាត់កងកម្លាំងពិសេសរបស់លោក។ ក្នុងនោះមានទាំងសកម្មភាពបង្ហាញពីកម្លាំងទាហាន និងប្រើប្រាស់កាំភ្លើង ចម្រុះ រួមទាំងបញ្ជូលនូវក្បាច់គុនទ័ពផងដែរ។ សកម្មភាពនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នា ដែលកូរ៉េខាងជើងបានត្អូញត្អែរថាជាចេតនាគំរាមកំហែងដល់ពួកគេ។ នៅក្នុងរូបថតជាបន្តបន្ទាប់ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានបង្ហាញទៀតថា លោក Kim Jong Un បានឈរមើលកម្លាំងទាហានដែលលាក់ខ្លួនដោយសំងាត់ដោយបង្កប់កាំភ្លើង ហើយរត់កាត់ទីវាលដើម្បីប្រយុទ្ធនៅខាងក្នុងអគារមួយកន្លែងជាសិប្បនិម្មិតថែមទៀតផង។ រូបភាពទាំងនោះក៏បានបង្ហាញពីវត្តមានលោក Kim នៅកន្លែងបាញ់កាំភ្លើងធំមួយដែរ ដែល KCNA ហៅថាជាកាំភ្លើងបាញ់ប្រហារប្រភេទថ្មី។ ហើយបន្ទាប់មកនៅចុងបញ្ចប់នៃរូបភាពគឺ លោក Kim ត្រូវបានគ្រវីដៃទៅកាន់កងទ័ពកូរ៉េខាងជើងទាំងអស់ ដែលឡោមព័ទ្ធដោយឆ្មាំសន្តិសុខជាច្រើន។ ប៉ុន្តែគ្រប់ព័ត៌មានរូបភាពទាំងអស់គឺមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ ទីតាំងនិងព័ត៌មានលម្អិតក៏មិនត្រូវបានពន្យល់ដោយ KCNA ច្បាស់នោះដែរ ដែលវាគឺជាទម្លាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងស្រាប់ទៅហើយ ក្នុងសេចក្តីរាយការណ៍ព័ត៌មានអំពីមេដឹកនាំរបស់ពួកគេទៅកាន់ពិភពលោក អាចកើតមុនមួយថ្ងៃ ឬច្រើនថ្ងៃជាងនេះក៏ថាបាន ដែលគេចាត់ទុកថាជាអាថ៌កំបាំងសម្រាប់ប្រទេសកម្មុយនីយ៍មួយនេះ៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ