អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ និងខេត្តតាកែវរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិក និងApp NoDrug ដល់សិស្ស និងគរុសិស្ស

(តាកែវ)៖ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា និងខេត្តតាកែវបានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អេដស៍ ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug តាមរយៈសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បារីអេឡិចត្រូនិច ការបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់គរុសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបចំនួន២៤០នាក់ ស្រី១៣១ នាក់។

ក្នុងនាមឯកឧត្តម វ៉ី សំណាង អភិបាល ក្នុងឱកាសនោះ លោកជំទាវ គា សុភូ អភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សមាសភាពទាំងអស់ដែលបានរួមគ្នាជួយលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អេដស៍ គ្រោះថ្នាក់ចរាចរណ៍ បារីអេឡិចត្រូនិច និងApp NoDrug ជាមួយនេះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានអនុវត្តនូវរាល់វិធានការ បទដ្ឋានគតិយុត្តិនានា រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីដោះស្រាយរាល់កង្វល់ជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ និងលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមដែលមកដល់បច្ចុប្បន្ននេះមិនមានសញ្ញាថមថយទេហើយទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជំនាន់ពិសេសក្នុងជំនួបរវាងសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិក រាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ សម្តេចតេជោបានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មីឱ្យចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិ ហើយបានណែនាំឱ្យចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាព ឆ្លើយតបនឹងការផ្តាំផ្ញើរនេះ រួមនឹងឆន្ទៈដ៏មុតស្រួច មោះមុត និងស្វាហាប់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យចាត់គ្រប់វិធានការធ្វើយ៉ាងណាឱ្យគ្រឿងញៀន លែងជាបញ្ហាឬឧបសគ្គដល់ការអភិវឌ្ឍន៍សង្គមជាមួយនោះការងារផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋយល់ដឹងជាការងារអាទិភាពទី១ ព្រោះថាបើពួកគាត់បានយល់ដឹងច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀនគាត់មិនត្រូវការគ្រឿងញៀននោះយើងនឹងអាចកាត់បន្ថយបាននូវតម្រូវការគ្រឿងញៀននិងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយនិងទាញយក App NoDrug ដើម្បីចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសគឺរាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។

វាគ្មិនសិក្ខាសាលានោះគឺសាស្ត្រាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង ឧត្តមសេនីយ៍ត្រីយិន យឿត លោក ចាន់ សំអាត បានផ្ដល់ចំណេះដឹងដល់អ្នកចូលរួមពីវិធីសាស្ត្រ បច្ចេកទេសសំខាន់ៗ ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាមេរោគអេដស៍ ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍និងសុវត្ថិភាពនៅលើដងផ្លូវ បារីអេឡិចត្រូនិច អត្ថប្រយោជន៍ជំរុញការទាញយកប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅចូលរួមទាំងអស់គ្នាហើយអ្នកចូលរួមទាំងអស់អាចក្លាយជាជនបង្គោលឬវាគ្មិនសម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគេ។