ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសចិន ចូលរួមជួយផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា អោយបានកាន់តែទូលំទូលាយ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន

ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានដែលមិនឆ្លុះបញ្ចាំងការពិត ជាព័ត៌មានដែលចរិតបំផ្លាញ ញុះញង់ ហើយព័ត៌មានក្លែងក្លាយគឺជាកត្តាដ៏ចម្បងមួយដែលនាំមានការប្រើប្រាស់នូវអំពើហឹង្សា ភាពស្អប់ខ្ពើមគ្នា ការរើសអើងជាតិសាសន៍ និងធ្វើឱ្យមានចលាចលសង្គមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ នេះជាការស្នើឡើងរបស់ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបនពិភាក្សាការងារជាមួយ លោក Feng Hui អ្នកគ្រប់គ្រងថ្មីនៃ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅទីស្តីការក្រសួង។

ឯកឧត្តម បានស្នើដល់ប្រព័ន្ធផ្សាយរដ្ឋចិនចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកប្រទេសកម្ពុជាកាន់តែច្រើនដូចមុន ផ្ទុះវិបត្តិកូវីដ-១៩ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញដល់ប្រព័ន្ធផ្សាយ វិទ្យុមិត្តភាពកម្ពុជា ចិន បង្កើនការផ្សព្វផ្សាយពីកត្តាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា តំបន់ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ការលើកទឹកចិត្ត និងឱកាសវិយោគជាច្រើននៅកម្ពុជា ដើម្បីឲ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ។

ឯកឧត្តម បានលើកឡើងថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់ជាឆ្នាំផ្លាស់ប្ដូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរ។ ដូច្នេះហើយប្រព័ន្ធផ្សព្វផ្សាយពិតជាបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសកម្ពុជា និងចិន បានស្គាល់គ្នាកាន់តែច្បាស់បន្ថែមទៀត ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើប្រព័ន្ធផ្សាយរបស់ចិនចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងក្លែងក្លាយឱ្យកាន់តែសកម្មដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន។

លោក Feng Hui អ្នកគ្រប់គ្រងថ្មី នៃវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហការល្អបន្តទៅមុខទៀត ហើយបង្កើនការផ្សព្វផ្សាយឱ្យកាន់តែសកម្មថែមទៀតពីចំណុចល្អៗដែលកម្ពុជាមាន ទាំងវិស័យវប្បធម៌ និងទេសចរណ៍ជាដើម ។ លោកប្រធានថ្មី បានជម្រាបជូនថា បច្ចុប្បន្ននេះ វិទ្យុមិត្តភាពកម្ពុជា-ចិន បានចូលរួមយ៉ាងសកម្មក្នុងការលើកម្ពស់ចំណង មិត្តភាពនៃប្រទេសយើងទាំងពីរ តាមរយៈការផ្សព្វផ្សាយព័ត៌មានដ៏សម្បូរបែបជីនដល់ប្រជាជនកម្ពុជា និងចិន បានស្តាប់ និងឃើញនូវអ្វីដែលមានពិតប្រាកដ ។

គួររំលឹកដែរថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ គ្រប់គ្រងដោយ កញ្ញា Yao Shiya ហើយនៅឆ្នាំ២០២៥ ត្រូវបញ្ចប់អាណត្តិ ដោយបន្តដឹកនាំដោយ លោកFeng Hui ។

វិទ្យុមិត្តភាពកម្ពុជាចិន ចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា។ វិទ្យុមិត្តភាពកម្ពុជាចិន ស្ថិតនៅក្រោម អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ភាសាអង់គ្លេសហៅថា China Media Group(CMG) ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម ដោយបានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង ១.៤ពាន់លាននាក់ និងអ្នកទស្សនាអន្តរជាតិតាមដានជាប្រចាំ រាប់ពាន់លាននាក់ ផងដែរ ៕