តាមរយៈកិច្ចសហប្រតិបត្តិការការទូតដ៏ល្អរវាង ក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល »ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មានចំនួន ៥៦រូប ដែលបំេពញការងារលើវិស័យព័ត៌មាន និងសោតទស្សន៍

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីរបៀប រាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសបើកជាផ្លូវការកញ្ចប់បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី ពេញមួយឆ្នាំ២០២៥ មានចំនួនជាង ៨០វគ្គ និងប្រកាសដាក់អោយប្រើប្រាស់មណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាកន្លែងធ្វើកិច្ចការងារពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន ។

ឯកឧត្តម កៅ អុីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា» បាន ប្រារព្ធពិធីបើកក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ហើយវគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី១៧ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ៥៦រូប អញ្ជើញមកពី អគ្គនាយកដ្ឋាទូរទស្សន៍ជាតិកម្ពុជា ២២រូប វិទ្យុជាតិកម្ពុជា ១០រូប ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ១៤រូប អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ៤រូប និង ក្រុមការងារ APP ក្រសួងព័ត៌មាន ៦រូប ។
វគ្គបណ្តុះបណ្តាលនេះរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) និងសាជីវកម្ម និងទូរទស្សន៍តួកគីយេ (TRT) ដោយធ្វើការបណ្តុះបណ្តាល លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖

-ការផលិតវីដេអូសម្រាប់បណ្តាញសង្គម
-ការនិពន្ធសាច់រឿងសម្រាប់វីដេអូឌីជីថល
-ការធ្វើទីផ្សារសម្រាប់មាតិកាឌីជីថល
– ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការចែករម្លែកបទពិសោធន៍ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អំពីប្រធានបទ២សំខាន់ គឺទី១ «ការគ្រប់គ្រងសាធារណៈមតិ» ផ្តល់បទបង្ហាញដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងទី២ «បទពិសោធន៍កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ផ្តល់បទបង្ហាញដោយ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ។ ជាមួយក៏មានគ្រូ ជាថ្នាក់ដឹកនាំ ២រូបទៀត គឺឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នឹងមានវត្តមានជួយបកប្រែ និងសម្របសម្រួល ដល់កម្មវិធីបណ្តុះ បណ្តាលទាំងពីរក្រុម រហូតចប់វគ្គ។
វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែនាំមកនូវជំនាញ និងការចែករម្លែកបទពិសោធន៍ពីវាគ្មិនមកពី TIKA និង TRT ប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយជាតិ នៃប្រទេសទាំងពីរ កម្ពុជា តួកគីយេ ជាពិសេសក្នុងយុគសម័យឌីជីថលនេះតែម្តង។

ឯកឧត្តម កៅ អុីមរ៉ន បានបញ្ជាក់ជូនដែរថា វគ្គបណ្តុះបណ្តាលដែលបានធ្វើឡើងនាឱកាសនេះ គឺជាគំនិតផ្តួចផ្តើម និងការតម្រង់ទិសរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ដែលជាយុទ្ធសាស្រ្តទី៣ ក្នុងចំណោម យុទ្ធសាស្រ្តទាំង៥ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍  ឆ្នាំ២០២៥-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចេញ ហើយបានចាត់ទុកមូលធនមនុស្ស គឺជាកត្តាគន្លឹះ និងមានសក្តានុពលក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថាប័នក្រសួងព័ត៌មាន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការរំលេចពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងក្រសួងព័ត៌មាន ជាមួយភាគីតួកគីយេ ដែលសម្រេចបានកន្លងមក និយាយរួមចាប់ផ្តើមនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី និង អាណត្តិលោកជំទាវអគ្គរដ្ឋទូតប្រចាំកម្ពុជា គឺសម្រេចបាននូវការចុះកិច្ចព្រមព្រៀងអនុស្សារណៈ នៃការយោគយល់រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយ ទីភ្នាក់ងារសារការព័ត៌មានតួកគី Anadolu Ajansi(AA) ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
– កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មានកម្ពុជា ជាមួយនាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយេ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ៕