ទោះមិនអាចសម្រេចក្តីស្រម៉ៃដណ្តើមពាន World Cup 2026 ជូនជម្រើសជាតិព័រទុយហ្គាល់ក្នុងវ័យ៤១ឆ្នាំក្តី! ប៉ុន្តែ Cristiano Ronaldo បានសម្រេចក្តីប្រាថ្នាដ៏ធំ សម្រាប់មនុស្សជាទីស្រលាញ់របស់លោក
ទីបំផុតកំពូលតារាកីឡាករបាល់ទាត់ដ៏ឆ្នើម របស់ពិភពលោក Cristiano Ronaldo បានសម្រេចចិត្តរៀបការជាផ្លូវការហើយជាមួយនឹងមិត្តស្រីដ៏យូរអង្វែងរបស់លោក គឺអ្នកនាង Georgina Rodriguez នៅក្នុងពិធីដ៏សាមញ្ញមួយក្នុងប្រទេសព័រទុយហ្គាល់។ គូស្នេហ៍ទាំងពីរនេះ បានរួមរស់នៅជាមួយគ្នាតាំងពីឆ្នាំ ២០១៦មក បន្ទាប់ពីពួកគេជួបគ្នាលើកដំបូងនៅទីក្រុងម៉ាឌ្រីដ និងបានបង្ហោះរូបភាពមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram ដោយបង្ហាញពីចិញ្ចៀនបញ្ចាំចិត្តរបស់ពួកគេ ដែលធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោករំភើបនិងសប្បាយចិត្តចំពោះការសម្រេចចិត្តមួយនេះរបស់លោក Cristiano Ronaldo ។ កំពូលតារាកីឡាករបាល់ទាត់ និង កំពូលអ្នកបង្ហាញម៉ូដដ៏ស្រស់ស្អាតនេះបានរៀបការនៅ Cascais ដែលជាទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រមួយមានចម្ងាយប្រហែល២០ម៉ាយភាគខាងលិចនៃរដ្ឋធានី Lisbon របស់ប្រទេសព័រទុយហ្គាល់ ដោយមានទាំងកូនប្រាំនាក់របស់ពួកគេចូលរួមក្នុងពិធីដ៏អស្ចារ្យនេះដែរ។ ក្រោយបញ្ចប់ការប្រកួត FIFA World Cup ២០២៦នេះ មានកីឡាករជាច្រើនសម្រេចចិត្តចូលនិវត្តន៍ព្រោះតែអាយុច្រើន ដើម្បីទុកឱកាសឲ្យកីឡាករក្មេងៗបន្តវេន ក្នុងនោះក៏មានលោក Ronaldo ដែរ ស្ថិតក្នុងវ័យ៤១ឆ្នាំ ទោះលោកមិនអាចសម្រេចបំណងប្រាថ្នាដណ្តើមពាន World Cup សម្រាប់ប្រជាជាតិលោកបាន តែលោកបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោករួចហើយ ហើយលោកក៏ជាកីឡាករលំដាប់ពិភពលោកមួយដែលមានទ្រព្យសម្បត្តិច្រើនពីការផ្សព្វផ្សាយ ពីក្លិបបាល់ទាត់ផងដែរ។ លោកបានសម្រេចចិត្តរៀបការជាមួយមិត្តស្រីដ៏យូរអង្វែងរបស់លោក ក្រោយពីរស់នៅជាមួយនាងអស់រយៈពេលដ៏យូរ ស្វែងយល់ពីគ្នា ហើយនាងបានផ្តល់កូនប្រុសស្រីដ៏គួរឲ្យស្រលាញ់សម្រាប់លោក មើលថែទាំពួកគេបានយ៉ាងល្អថែមទៀតផង ដែលកត្តាទាំងនេះហើយ ដែលមិនអាចធ្វើឲ្យកីឡាករឆ្នើមរូបនេះ មិនអាចដកចិត្តចេញពីរូបនាងបាន។ Cristiano Ronaldo និង Georgina Rodriguez បានរៀបការមុនបួនថ្ងៃ ដែលក្លឹបរបស់លោក Al Nassr ចាប់ផ្តើមយុទ្ធនាការថ្មីដែលមានឈ្មោះថា Saudi Pro League ឆ្នាំ២០២៦-២០២៧៕
សម្រួលអត្ថបទ៖ សុផារិន្ទ






