ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026)
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា – Digital Social Protection Platform (DSPP) ដែលបានអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៦ (ASEAN Digital Awards 2026) ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៦ (The 6th ASEAN Digital Ministers’ Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានី ហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងទទួលបានជ័យលាភី ពានរង្វាន់មាស ជូនព្រះរាជាណាចក្រកម្ពុជា ដែលបណ្តារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅក្នុងតំបន់អាស៊ាន។
ពានរង្វាន់ឌីជីថលអាស៊ាននេះ ជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់បំផុត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ កិត្យានុភាព នៃដំណោះស្រាយឌីជីថល និងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមបណ្តាប្រទេសជាសមាជិក ក៏ដូចនៅក្នុងតំបន់ទាំងមូល។ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសចំនួន ១១ បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន ៦ រួមមាន (១) ដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ, (២) ដំណោះស្រាយឌីជីថលសម្រាប់វិស័យឯកជន, (៣) ដំណោះស្រាយឌីជីថលសម្រាប់បរិយាបន្ន, (៤) មាតិកាឌីជីថល, (៥) ធុរកិច្ចថ្មីឌីជីថល, និង (៦) នវានុវត្តន៍ឌីជីថល។
បណ្តាប្រទេសអាស៊ាននីមួយៗ បានដាក់ប្រកួតប្រជែងនូវស្នាដៃឌីជីថលដែលល្អបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវា, ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ, ជាពិសេស ជំរុញសន្ទុះនៃការធ្វើបរិវត្តកម្មឌីជីថល ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងចំណោមស្នាដៃទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល និងបានឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ៣ ក្រុមចុងក្រោយ ជាមួយប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដោយត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃពានរង្វាន់ឌីជីថលអាស៊ាន ទាំង ១១ ប្រទេស និងមានការចូលរួមពីសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ។ ឆ្លងកាត់ការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការក្នុងការផ្តល់ជ័យលាភី “ពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦” ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេ នៅក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដាបច្ចេកវិទ្យា ក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។
ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញ ប្រកបដោយភាពប្រាកដនិយមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បាន និងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។ កត្តាគន្លឹះដែលនាំឱ្យដែលធ្វើឱ្យថ្នាលឌីជីថលនេះ ទទួលបានជ័យលាភី ពានរង្វាន់មាស គឺស្ថិតនៅលើការរៀបចំនិម្មាបនកម្ម ដែលផ្តោតលើប្រជាពលរដ្ឋជាគោល (Citizen-Centric Design), ការធ្វើអន្តរ-ប្រតិបត្តិការបែបមជ្ឈការផង និងវិមជ្ឈការផង (Hybrid Federated Interoperability), និងសមត្ថភាពក្នុងការឆ្លើយតបបាន ទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេល និងប្រកបដោយតម្លាភាព។ ជ័យលាភីពានរង្វាន់មាសនេះ ជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាល ដែលបង្ហាញថា កម្ពុជា បាន និងកំពុងក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ លើការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហា និងលើកកម្ពស់ការអភិវឌ្ឍសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ការទទួលបាន ជ័យលាភីពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈតាមរយៈការធ្វើនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស, គាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ ៕




