វគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជូនមន្ត្រីបង្គោលលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅតាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជូនដល់មន្ត្រីបង្គោលលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sweet Boutique ទីរួមខេត្តកំពត។
ថ្លែងបើកវគ្គបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបង្គោលលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័ន ក្នុងការបង្កើតចំណេះដឹងបច្ចេកទេស និងជំនាញក្នុងការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ពង្រឹងសមត្ថភាពលេខាធិការដ្ឋានក្រសួង ស្ថាប័ន ក្នុងការត្រៀមបម្រុងការឆ្លើយតប និងស្តារឡើងវិញ ពង្រឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវចំពោះការងារគ្រោះមហន្តរាយរបស់លេខាធិការដ្ឋានក្រសួង ស្ថាប័ន ដោយផ្អែកលើបទដ្ឋានគតិយុត្តដែលមាន (ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរណែនាំ..) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ក្រសួង ស្ថាប័នប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយបញ្ជ្រាបការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់២០២៤-២០២៨ ការចែករំលែកព័ត៌មាន/ទិន្នន័យ ក្នុងចំណោមក្រសួងពាក់ព័ន្ធ និងការសហការល្អជាមួយលេខាធិការដ្ឋាន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីវាយតម្លៃការអនុវត្តន៍ផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់ ២០២៤-២០២៨ និងការគិតគូអំពីនិន្នានាការនៃគ្រោះមហន្តរាយដែលកាន់តែធ្ងន់ធ្ងរនាពេលអនាគតដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ៕



