កម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” ត្រូវបានផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ក្នុងឱកាស ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣០៧ ស្មើនឹង១០៤៦ មាតិកាព្រះធម៌ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានកិច្ចការសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាមានការចូលរួមនិងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។

ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិនិងសង្គម។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេ ចក្តីថ្លៃថ្នូរនៅក្នុងសង្គម
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស
៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម
៥-បង្ការគ្រោះថ្នាក់ចរាចរណ៍
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ
៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព
៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត
៩-ការចិញ្ចឹមកូនបែបវិជ្ជមាន
១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣០៧ ស្មើនឹង១០៤៦ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះមហាព្រហ្មមុនី ទូច សាទរ ,ព្រះអរិយវង្ស ហង្ស សាវី ,ព្រះគុម្ពោតនិរោធសមាបត្តិមុនី ច័ន្ទ សុវណ្ណ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវត្តីនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕