ភ្នំពេញ ៖ កម្ពុជានាំចេញជ័រកៅស៊ូបានចំនួន ១១២.៥៩៥ តោន នៅត្រឹមឆមាសទី១ ឆ្នាំ២០២៥ ធ្លាក់ចុះ ២០% បើគិតជាទឹកប្រាក់ជាង ២០៨ លានដុល្លារ ធ្លាក់ចុះ ២,៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២១៣ លានដុល្លារ។ យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ តម្លៃជ័រកៅស៊ូកម្ពុជាជាមធ្យម ១ ៨៥៣ ដុល្លារ ក្នុងមួយតោន កើនឡើង ៣៣៥ ដុល្លារ។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានអោយដឹងថា តម្លៃជ័រកៅស៊ូបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយវត្តមានរោងចក្រផលិតសំបកកង់រថយន្តបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
លោក ម៉ែន សុភក្ដិថ្លែងថា៖ «វត្តមានរោងចក្រផលិតសំបកកង់រថយន្ត វាពិតជាជួយហើយ ពីមុនយើងលក់នាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញជ័រកៅស៊ូបានទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕