១ឆ្នាំពេញគណៈមេធាវី បានចាត់តាំងមេធាវីការពារក្តីជូនជនក្រីក្រជាង ៨ពាន់ករណី ដោយឥតគិតកម្រៃសេវា

គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជាបានឱ្យដឹងនៅក្នុងរបាយការណ៍ថា រយៈពេល១ឆ្នាំ ពេញនេះ បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨,៥៨៤ករណី មានកូនក្តីសរុប ១៤,៨២៥នាក់ ក្នុងនោះមានរឿងក្តីអនីតិជនទំនាស់នឹងច្បាប់ចំនួន ២,៩៨៦ករណី មានកូនក្ដីជាអនីតិជនចំនួន ៥,៣៩១នាក់ និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណី។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងនេះនៅសល់រឿងក្តី ចំនួន២៤២៨ករណី ដែលគណៈមេធាវីបានចាត់តាំងរួចតែមិនទាន់ទទួលបានការទូទាត់ ដោយសារថវិកាមានកម្រិតត្រឹមចំនួន ២,៦០០លានរៀល។ ថវិកាជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ៣០០លានរៀល ក្នុងមួយឆ្នាំដែលឆ្នាំនេះគណៈមេធាវី បានផ្តល់មេធាវីជួយការពារស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាបានចំនួន២៨០ករណី មានស្ត្រីរងគ្រោះចំនួន ៣៣១នាក់ ក្នុងនោះក្មេងស្រីរងគ្រោះចំនួន ២៧៧នាក់។
នេះបើយោងតាមរបាយការណ៍នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះនៅក្នុង ពិធីបើកមហាសន្និបាតគណៈមេធាវីលើកទី៣០ បានធ្វើក្រោមវត្តមានចូលរួមពីសំណាក់ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាង ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម បណ្ឌិត សាយ បូរី ជាស្ថាបនិក និងជាអតីតប្រធានគណៈមេធាវីអាណត្តិទី១, ឯកឧត្តម ជីវ សុង ហាក់ អតីតប្រធានគណៈមេធាវីអាណត្តិទី៧ និងទី៨, ឯកឧត្តម ប៊ុន ហ៊ុន អតីតប្រធានគណៈមេធាវីអាណត្តិទី៩ និងទី១០, ឯកឧត្តម លី ច័ន្ទតុលា អតីតប្រធាគណៈមេធាវីអាណត្តិ១៣ និងទី១៤ ព្រមទាំងក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីជាសមាជិក សមាជិការបស់គណៈមេធាវីជាង១ពាន់រូបទៀត។
លោក មេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តាមរយៈសមិទ្ធផលខាងលើនេះ គណៈមេធាវី សូមសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនរាជរដ្ឋាភិបាល ដែលបានផ្តល់ និងជួយសម្របសម្រួលថវិកានេះជូនគណៈមេធាវី សម្រាប់ចំណាយលើសកម្មភាពការពារក្តីជូនជនក្រីក្រ និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយសារអំពើហិង្សា។
លោកបន្ថែមថា គណៈមេធាវីនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រទូទាំងប្រទេស ដែលមាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ជាសេនាធិការ និងមានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ៦២៤រូប។ ដើម្បីឱ្យការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ បានឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាព នោះរាល់ការបញ្ជូនឯកសារស្នើសុំមេធាវី និងលិខិតចាត់តាំងមេធាវី គឺធ្វើឡើងតាមរយៈប្រព័ន្ធតេឡេក្រាម ជាបឋម ឯសំណៅដើមនឹងបញ្ជូននៅពេលក្រោយ។
ចំពោះការគ្រប់គ្រងទិន្នន័យរឿងក្ដីជនក្រីក្រ គឺធ្វើការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយគ្រប់ការិយាល័យប្រតិភូប្រចាំរាជធានី-ខេត្ត សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍តំបន់ និងតុលាការកំពូល ត្រូវបានតម្លើងឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដោយរាល់ទិន្នន័យត្រូវបញ្ជូនមកគ្រប់គ្រងរួម នៅនាយកដ្ឋានការពារក្តីជូនជនក្រីក្រ របស់គណៈមេធាវី។
ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ថវិកាសរុបចំនួន ២,៩០០លានរៀល ជូនគណៈមេធាវី សម្រាប់ពង្រីកការចូលរួមបម្រើវិស័យយុត្តិធម៌ និងការលើកកម្ពស់យុត្តិធម៌សង្គម ផ្តោតសំខាន់លើសកម្មភាពចំនួន២ គឺការការពារក្តីនិងការប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ និងការកាពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាក្នុងនោះថវិកាជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងយុត្តិធម៌ ចំនួន២,៦០០លានរៀល ក្នុង មួយឆ្នាំ ដែលថវិកានេះអាចទូទាត់ចំណាយបានចំនួន ៦,១៥៦សំណុំរឿង និងការប្រឹក្សាយោបល់បានចំនួន ៤៥៦ករណី៕