ឱកាសការងារ ជាច្រើនកន្លែង ត្រូវបានផ្តល់ ដល់ពលរដ្ឋ និងពលករទើបត្រលប់មកពីថៃ ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែន អេង អភិបាលរងខេត្តត្តស្វាយរៀង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ប្រជាពលរដ្ឋ និងពលករខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ។ ក្នុងនោះមានការសម្ភាសន៍ការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន/សហគ្រាស ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

កម្មវិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរស្តីទីនៃមន្ទីព័ត៌មានខេត្ត អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណចំនួន ៤០០នាក់ ស្រី១៨១នាក់។

ក្នុងឱកាសនេះ លោកអភិបាលរងខេត្ត បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេស ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង។ លោកថា ការងារនៅកម្ពុជា ក៏ដូចជានៅខេត្តស្វាយរៀង មិនខ្វះទេឱកាសធ្វើការងារទេ ព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ។ លោកអភិបាលរងខេត្ត បន្ថែមថា ការទៅធ្វើការងារនៅប្រទេសថៃនាពេលនេះ គឺទទួលរងនូវការម៉ាក់ងាយពីថៅកែថៃ និងក្រុមជ្រុលនិយមមួយចំនួនរបស់គេផងដែរ។

សូមបញ្ជាក់ជូនផងដែរថា ខេត្តស្វាយរៀងកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៥,៥៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។

ប្រសិនបើប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ ឬចង់រៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ពិសេសបងប្អូនដែលទើបវិលត្រឡប់ពីប្រទេសថៃ អាចទាក់ទងប្រព័ន្ធទូរសព្ទ Hotline: 1297 ឬអាចទាក់ទងមកកាន់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីសាកសួរព័ត៌មានស្ដីពីការងារ ការរៀនជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗទៀត៕