ឱកាសការងារជាង១ម៉ឺនកន្លែង ត្រូវបានបើកបង្ហាញ ក្នុងពិព័រណ៍ការងារ នៅស្រុកពួក ខេត្តសៀមរាប សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ
សហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន២១ បានសម្ភាសនិងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ ក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ ពិព័រណ៍ការងារនោះ បាននាំយកនូវឱកាសការងារប្រមាណជាង១ម៉ឺនកន្លែងសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ។
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងគ្រាចូលរួមជាអធិបតីថា ការរៀបចំពិព័រណ៍ការងារនេះ គឺជាព្រឹត្តិការណ៍មួយដ៍ពិសេស ក្នុងគោលបំណងផ្តល់ការងារតាមតម្រូវការជូនបងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ហើយក៏បាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានផ្ទាល់តែម្តង ដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរ ទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មូលហេតុដែលបងប្អូនជ្រើសរើសធ្វើចម្ការ មួយចំនួនគឺដោយសារតម្លៃនៃសេរីភាព ប៉ុន្តែប្រសិនបើគ្រួសាររបស់បងប្អូនមាន៣នាក់ អាចមានម្នាក់មកធ្វើការវិញ នោះប្រាក់ចំណូលនឹងកើនឡើងច្រើនដែរ ដែលអាចឱ្យគ្រួសារបងប្អូនសម្រួលបន្ទុកបានច្រើនផងដែរ។
ជាទីបញ្ចប់ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុក គឺទទួលបានប័ណ្ណ ប.ស.ស. អាចព្យាបាលជំងឺដោយឥតគិតថ្លៃ មានប្រាក់សោធនពេលធ្វើការដល់អាយុ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គលទៀតផង និងបានរំលេចអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាលទៅដល់អតីតពលករ និងប្រជាពលរដ្ឋដែលនៅទីនោះ ដើម្បីទទួលការសិក្សារៀនសូត្រ មានជំនាញបន្ថែមសម្រាប់ជីវិត ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
សូមជម្រាបថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកពួក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ ៧៣៧នាក់។ នាពេលកន្លងមក ទីភ្នាក់ងារជាតិមុខរបរ
ការងារ (NEA) ក៏បានរៀបចំពិព័រណ៍ការងារ នៅតាមបណ្ដាខេត្តចំនួន ២០លើករួចមកហើយ។ លើសពីនេះទៀត ក៏បានរៀបចំវេទិកាការងារនៅតាមបណ្ដាខេត្តចំនួន ៥៧៧លើករួចមកហើយដែរ។


