ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យដោយផ្ទាល់ដំណើរការកែសន្លឹកកិច្ចការបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា

នៅសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) ឆ្នាំសិក្សា២០២៦-២០២៧ ត្រូវបានចាប់ផ្តើមបន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ។

ដំណើរការកែសន្លឹកកិច្ចការប្រព្រឹត្តទៅដោយមានការអញ្ជើញពិនិត្យផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង ។

មុននឹងចាប់ផ្តើមដំណើរការកែគ្រប់សំណុំសន្លឹកកិច្ចការទាំងអស់ត្រូវបានប្រមូលមកពីគ្រប់មណ្ឌលប្រឡង រួមមានវិទ្យាស្ថានជាតិអប់រំ (NIE), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងមណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA) បានយកមករក្សាទុកក្នុងបន្ទប់សុវត្ថិភាព ដោយមានការបិទស្លាកផ្សារភ្ជាប់ទ្វារ និងស្ថិតក្រោមការត្រួតពិនិត្យ និងយាមកាម។ ដំណើរការរៀបចំទុកដាក់នេះ ត្រូវបានធ្វើឡើងក្រោមការពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើជាសាក្សីដឹងឮរួមគ្នាពីសំណាក់គណៈមេប្រយោគ អនុគណៈកម្មការជំនាញ និងក្រុមការងារសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាឱ្យបានដាច់ខាតនូវសុវត្ថិភាពខ្ពស់បំផុត និងជៀសវាងរាល់ការកែប្រែទិន្នន័យជាយថាហេតុ។

សូមជម្រាបថា ព្រឹកនេះដំណើរការកែសន្លឹកកិច្ចការសរសេរជំនាញឯកទេស និងការស្កេន សន្លឹកចម្លើយពហុចម្លើយ (វិញ្ញាសាភាសាបរទេស និងវិញ្ញាសាចំណេះដឹងទូទៅនិងវិស័យអប់រំ) ដោយមានការចូលរួមសង្កេតការណ៍ជាប់ជាប្រចាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តធានាឱ្យបាននូវតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌យ៉ាងពិតប្រាកដ។