ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lyu Bin អគ្គនាយករងនៃអគ្គនាយកដ្ឋានទី៣ នៃរដ្ឋបាលមុខងារសាធារណៈជាតិចិន

បន្ទាប់ពីប្រកាសបើកវេទិកាស្តីពីអភិបាលកិច្ចល្អ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lyu Bin អគ្គនាយករងនៃអគ្គនាយកដ្ឋានទី៣ នៃរដ្ឋបាលមុខងារសាធារណៈជាតិចិន និងគណៈប្រតិភូ នៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរ។

​ក្នុងជំនួបពិភាក្សាប្រកបដោយបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា និងចិន ដែលតែងតែត្រូវបានរឹតចំណងឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Lyu Bin និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិការដ៏មានសារៈសំខាន់នេះ និងបានថ្លែងអំណរគុណដល់ភាគីចិន ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។