ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសុខសន្តិភាព»
(ភ្នំពេញ)៖ ពិធីជប់លៀងអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសុខសន្តិភាព» បានប្រារព្ធធ្វើឡើងនៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សណ្ឋាគារ Rosewood Phnom Penh ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី (Génération paix? Contributions de la jeunesse pour un monde plus apaisé) នាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បណ្តាអង្គទូត និងភ្ញៀវអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង។
ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាឱកាសក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលចំណងសាមគ្គីភាពនេះ ពិតជាដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ហ្វ្រង់កូហ្វូននាពេលបច្ចុប្បន្ន។
គូររំលឹកដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។
ប្រទេសកម្ពុជា មានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦នេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ ក្នុងឆ្នាំ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៕



