ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន២០៥នាក់
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានចំនួនសរុប ២០៥នាក់ និងដោយមានការចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលា ភូមិន្ទរដ្ឋបាល រួមនិងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលជាច្រើនរូបទៀត។
តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ឱ្យដឹងថា ចំពោះសិស្សមន្ត្រីក្រមការជំនាន់ទី១២ ត្រូវបានឆ្លងកាត់នីតិវិធីជ្រើសរើសដ៏តឹងរឹង និងម៉ត់ ចត់ ដែលកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈជាស្ថាប័នដឹកនាំ ដោយ មានការចូលរួមពីក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ។ ការជ្រើសរើសសិស្សមន្ត្រីក្រមការចំនួន ២០៥នាក់ សម្រាប់ជំនាន់ទី១២នេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការមន្ត្រីក្រមការរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរាជធានីខេត្ត តាមរយៈការស្ទង់មតិរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ បន្ទាប់ពីទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាលទ្ធផលបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ មានចំនួន ១៧៧នាក់ (ស្រី៥៤នាក់) តែប៉ុណ្ណោះ ហើយបេក្ខជនប្រឡងជាប់បម្រុង ចំនួន ២៨នាក់ (ស្រី ៧នាក់) ទៀត ត្រូវបានជ្រើសរើសឱ្យជំនួសទីកន្លែងដែលទំនេរមិនមានបេក្ខជនជាប់ស្ថាពរ ដើម្បីទទួលបានចំនួនសរុប ២០៥ នាក់ តាមតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្តថា សិស្សមន្រ្តីក្រមការជំនាន់ទី១២ នឹងត្រូវទទួលការបណ្តុះបណ្តាលនៅសាលា ភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២៦ សម្រាប់រយៈពេល ១២ខែ ដោយត្រូវសិក្សានៅសាលារយៈពេលយ៉ាងតិច ៨ខែ និងរយៈពេល ៤ខែទៀត ត្រូវចុះទៅធ្វើកម្មសិក្សានិងសរសេររបាយការណ៍ បញ្ចប់កម្មសិក្សា។ ចំពោះការសិក្សានៅសាលា ត្រូវបានបែង ចែកជា ៤ម៉ូឌុល៖ ម៉ូលឌុល១ មុខវិជ្ជាស្នូល (១១មុខវិជ្ជា) ម៉ូឌុល២ មុខវិជ្ជាគាំទ្រប្រតិបត្តិការ (៨មុខវិជ្ជា) ម៉ូឌុល៣ សន្និសីទ បាឋកថា និងបទបង្ហាញ ម៉ូឌុល៤ កម្មសិក្សានៅតាម រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសរសេររបាយការណ៍។
នៅក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រង មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលបានបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសាធារណៈប្រកបដោយគុណភាព និងសមត្ថភាព ដោយផ្តើមចេញពីការរៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន និងបានបណ្តុះបណ្តាញសិស្សមន្ត្រី បានជាច្រើននាក់។
នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានថ្លែងចូលរួមអបអរសាទរ និងកោតសសើរចំពោះភាពជោគជ័យរបស់សិស្សមន្រ្តីក្រមការជំនាន់ទី១២ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងជំនៈរាល់ឧបសគ្គ និងបានឆ្លងកាត់នូវការ ប្រកួតប្រជែង ដើម្បីទទួលបានឱកាសក្នុងការរៀនសូត្រនៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះផងដែរ៕



