ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់វិញ្ញាសារជានិមិត្តរូប សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់វិញ្ញាសារជានិមិត្តរូប សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ លើវិញ្ញាសាសរសេរលើកទី១ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥។

អនុគណៈកម្មការ បានដំណើរការរៀបចំដំណើរការប្រឡងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងយ៉ាងសស្រាក់សស្រាំ និងការរៀបចំវិញ្ញាសាប្រឡងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានការតាមដានមើលពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេគឺ តាក់តែងនាព្រឹក ចាប់ផ្ដើមប្រឡងនៅពេលរសៀល ហើយ អ្នកចេះគឺជាប់ ។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា​កាលបរិច្ឆេទ និងឈ្មោះ​ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ សម្រាប់វិញ្ញាសាគឺពហុចម្លើយ ហើយការប្រឡងប្រជែងនេះ បានចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី ដែលមានបេក្ខជនចូលរួម ១៦,៤២៥នាក់ លើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ ច្បាប់ រដ្ឋបាល នយោបាយ អាស៊ាន សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ស្របពេលជាមួយគ្នានេះ មណ្ឌលប្រឡងប្រជែងទាំង៣ ផ្សេងទៀតរួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកំពុងដំណើរការប្រឡងព្រមៗគ្នា។

សូមបញ្ជាក់ថា៖ បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ ទើបត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥៕