ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំង ដែលជាកងទ័ពឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកា ព្រមទាំងសម្ភារៈ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលជាកងទ័ពឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការទិសទី៣ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ។ ពិធីនាឱកាសនេះ មានការអញ្ជើញទទួលពី ឯកឧត្តមឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។

ក្នុងនាមឯកឧត្តមផ្ទាល់ និងតំណាងឱ្យមន្ត្រីរាជការនៃស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវអំណរគុណ និងរំលឹកបង្ហាញនូវការគោរពនូវវីរភាពនៃវីរយុទ្ធជនការពារជាតិទាំងអស់ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទីបំផុត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ពិសេសការអនុញ្ញាតឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចូលរួមដើម្បីបង្ហាញពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេនាឱកាសនេះ គឺជាសក្ខីភាពនៃការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។

រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ។ យើងប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីធានាថាយើងទាំងអស់គ្នា រួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្នុងតម្លៃណាមួយក៏ដោយ។