ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ គោរពវិញ្ញាណក្ខន្ធ ព្រមទាំងសាររំលែកមរណទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមគ្រួសារសព លោកវរសេនីយ៍ទោ នាង សារី
ខេត្តព្រៃវែង ៖ ដោយទទួលបានការអនុញ្ញាតពីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ គោរពវិញ្ញាណក្ខន្ធ ព្រមទាំងនាំយកថវិកាចំនួន ៨.០០០.០០០ រៀល និងសាររំលែកមរណទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ក្រុមគ្រួសារសព លោកវរសេនីយ៍ទោ នាង សារី អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅគេហដ្ឋាន ភូមិព្រងើយទី១ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នៅក្នុងសារលិខិតមានខ្លឹមសារថា តាងនាមកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្ដីក្តុកក្តួលសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោកវរសេនីយ៍ទោ នាង សារី អធិការរង ន អធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ មរណភាពរបស់ លោកវរសេនីយ៏ទោ នាង សារី គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីគោរព ស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវនាយនគរបាលជាតិដ៏សកម្មចំពោះការងារដែល ជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួនរហូតអវសាននៃជីវិតចូលរួមបុព្វហេតុ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ ក្នុងនាមកងកម្លាំងនគរបាលជាតិ និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៏ទោ នាង សារី សូមឆាប់
បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



