ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ដង្ហែអង្គកឋិនទាន វេរប្រគេនព្រះសង្ឃគង់នៅវត្តអង្គកំណប់

ខេត្តតាកែវ៖ កាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃមួយស្ថិតក្នុងរដូវកាលបុណ្យកឋិនទានប្រចាំឆ្នាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាដង្ហែអង្គកឋិនទានយ៉ាងអធិកអធម ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តអង្គកំណប់ ឋិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ពិធីបុណ្យនេះបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការដង្ហែអង្គកឋិនជុំវិញព្រះវិហារ និងពិធីវេរប្រគេនត្រៃចីវរ និងទេយ្យទានជាច្រើនទៀតដល់ព្រះសង្ឃ ដែលជាកិច្ចដ៏វិសេសដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ព្រះសង្ឃបន្ទាប់ពីបញ្ចប់ការគង់ចាំវស្សាក្នុងរយៈកាល៣ខែកន្លងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន ក្នុងនាមជាម្ចាស់ដើមទាន បានវេរប្រគេននូវបច្ច័យសរុបចំនួន ២៩,២៩០,០០០ (២៩លាន ២៩ម៉ឺនរៀល) ដែលបច្ច័យទំាងនោះជាសទ្ធាជ្រះថ្លារបស់ម្ចាស់ដើមទាន និងពុទ្ធបរិស័ទទាំងអស់នេះ ត្រូវបានប្រគេនដល់ព្រះសង្ឃគង់នៅវត្តអង្គកំណប់ ដើម្បីទុកសម្រាប់ជាមូលនិធិកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាម ក្នុងការរួមចំណែកបម្រើដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗរបស់ព្រះពុទ្ធសាសនាថេរវាទ ដែលមានលក្ខណៈប្លែកពីបុណ្យដទៃទៀត ដោយត្រូវបានគេហៅថាជា «កាលទាន» ឬ «ទានតាមពេលវេលាកំណត់»។
បុណ្យកឋិនត្រូវប្រារព្ធធ្វើឡើងក្នុងរយៈពេលកំណត់ត្រឹមតែ ២៩ ថ្ងៃ ប៉ុណ្ណោះ គឺរាប់ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥ កើត ពេញបូណ៌មី ខែកត្តិក (ក្រោយថ្ងៃចេញវស្សា)។ ប្រសិនបើធ្វើក្រៅពីពេលវេលានេះ នឹងមិនរាប់ជាអង្គកឋិនឡើយ។ វត្តមួយអាចទទួលអង្គកឋិនបានតែមួយថ្ងៃគត់ក្នុងមួយឆ្នាំ។
គោលបំណងដើម និងសំខាន់បំផុតនៃការប្រារព្ធពិធីនេះ គឺដើម្បី វេរប្រគេនចីវរ ថ្មី ដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ ដោយមិនដាច់វស្សា។ នេះគឺធ្វើឡើងដោយយល់ថា ចីវរចាស់របស់ព្រះសង្ឃអាចនឹងរហែក ឬប្រឡាក់ដោយសាររដូវភ្លៀង។ ម្យ៉ាងវិញទៀត ពិធីនេះធ្វើឡើងតាមព្រះពុទ្ធានុញ្ញាត ដើម្បី អនុញ្ញាតអានិសង្ស ៥ ប្រការដល់ព្រះសង្ឃដែលបានក្រាលគ្រងកឋិន ដែលអាចបន្ធូរបន្ថយភាពតឹងតែងនៃវិន័យមួយចំនួនក្នុងរយៈពេល ៥ ខែបន្តបន្ទាប់។
មិនតែប៉ុណ្ណោះបុណ្យកឋិនក៏ជាឱកាសដែលបង្ហាញពីការរួបរួម និង សាមគ្គីភាព គ្នារវាងពុទ្ធបរិស័ទជិតឆ្ងាយ ដោយប្រមូលផ្តុំកម្លាំងកាយចិត្ត និងថវិកា ដើម្បីធ្វើបុណ្យរួមគ្នាក្នុងរយៈពេលកំណត់មួយ។ បុណ្យកឋិនជាការ ឧបត្ថម្ភ និងទំនុកបម្រុង ដល់ព្រះសង្ឃ និងជួយកសាងសមិទ្ធផលនានាក្នុងវត្តអារាម (ដូចជា កុដិ វិហារ ផ្លូវ) ដែលត្រូវបានហៅថា បរិវារកឋិន ឬទេយ្យទាន ដើម្បីបម្រើផលប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ។ ពិធីនេះបុណ្យត្រូវបានចាត់ទុកជា មហាកុសល ព្រោះជាការធ្វើទានដ៏វិសេសដែលមានផលានិសង្សច្រើនលើសលប់ ទាំងចំពោះទាយក ទាយិកា (ម្ចាស់ដើមទាន) និងបដិគ្គាហកៈ (ព្រះសង្ឃអ្នកទទួល) ព្រោះជាទានដែលធ្វើត្រូវតាមកាលវេលា និងពុទ្ធបញ្ញត្តិ៕