ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំគណៈប្រតិភូនាយនគបាលកម្ពុជា ចូលរួមប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយនាយកដ្ឋានបង្ការ ទប់ស្កាត់និងប្រឆាំងគ្រឿងញៀន នៃអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈឡាវ

ទីក្រុងវៀងចន្ទន៍៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារទ្វេរភាគីជាមួយ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ លោកវរេសនីយ៍ឯក Phoxay Sayyavong ប្រធាននាយកដ្ឋានបង្ការ ទប់ស្កាត់និងប្រឆាំងគ្រឿងញៀន នៃអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈឡាវ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Loa Plaza ទីក្រុងវៀងចន្ទន៍ សារធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតឡាវ។
ជាកិច្ចចាប់ផ្តើម លោកវរេសនីយ៍ឯក Phoxay Sayyavong ប្រធាននាយកដ្ឋានបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញស្នាក់នៅបំពេញបេសកកម្មក្នុងប្រទេសឡាវរយៈពេល៤ថ្ងៃ និងចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ។
លោកវរេសនីយ៍ឯក Phoxay Sayyavong មានប្រសាសន៍ថា នាយកដ្ឋាននគរបាលបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន ជានាយកដ្ឋានជំនាញមួយ ដែលស្ថិតនៅក្រោមអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ មានតួនាទីធ្វើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ របស់អគ្គនាយដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ។ជាមួយគ្នានេះនាយកដ្ឋានមានបេសកកម្ម ជាសេនាធិការ ឱ្យបក្ស ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ ពាក់ព័ន្ធនឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន សារធាតុផ្សំ និងថ្នាំញៀនគ្រប់ប្រភេទ ការធ្វើសកម្មភាពអនុវត្ត បទបញ្ញារបស់បណ្តាការិយាល័យជំនាញដែលស្ថិតនៅក្រោមនាយកដ្ឋានបង្ការ ទប់ស្កាត់ និងប្រឆាំង គ្រឿងញៀន ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ធានាបានដល់ការរួមចំណែកថែរក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវរសេនីយ៍ឯក Phoxay Sayyavong ប្រធាននាយកដ្ឋាននគរបាលបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន នៃអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈឡាវ និងសហការី ដែលបានធ្វើការទទួលស្វាគមន៍ដ៏កក់ក្តៅនូវការអញ្ជើញមកដល់ និងស្នាក់នៅរបស់គណៈប្រតិភូកម្ពុជា ។
ឯកឧត្តមបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលប្រតិភូទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ល្អៗអំពីស្ថានភាពគ្រឿងញៀន និងការងារបង្ការទប់ស្កាត់នៅតាមបណ្តាប្រទេសរៀងៗខ្លួន។
ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកជា ជំហានថ្មីមួយដ៏សំខាន់ ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងគ្រឿងញៀនកម្ពុជា-ឡាវ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍នាពេលនេះគឺដើម្បី ស្វែងយល់ពីបច្ចេកទេសទំនើបៗរបស់ឡាវក្នុងការតាមដានការចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ និងកម្មវិធីផ្សព្វផ្សាយអប់រំប្រកបដោយប្រសិទ្ធភាព រួមទាំងការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននាកន្លងមក ជាពិសេសការបង្កើតបណ្ដាញសហប្រតិបត្តិការក្នុងតំបន់ និងការបង្កើនសមត្ថភាពមន្រ្តីអនុវត្តច្បាប់។
ឯកឧត្តម ប្រធានគណៈប្រតិភូកម្ពុជាសង្ឃឹមថា ការផ្លាស់ប្តូរបទពិសោធន៍នេះនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងដែនឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាព។ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការរួមគ្នាគឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកាត់ផ្ដាច់បណ្ដាញគ្រឿងញៀន ដែលកំពុងគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពសង្គមនៃប្រទេសទាំងពីរ និងក្នុងតំបន់ មិនតែប៉ុណ្ណោះ កិច្ចប្រជុំនាពេលនេះក៏ជាការបង្កើនការផ្លាស់ប្តូរព័ត៌មាន ការធ្វើប្រតិបត្តិការរួមគ្នា និងការអភិវឌ្ឍយន្តការឆ្លើយតបរហ័ស ជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាលើកិច្ចការបង្ការ ទប់ស្កាត់ និងប្រឆាំងគ្រឿងញៀន។
នៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញ របស់លោកវរសេនីយ៍ឯក ម៉ាក់ សេរីឌ្ឍនៈ ស្តីពីស្ថានភាពការងារប្រយុទ្ធប្រឆាំងនិងបង្រ្កាបបទល្មើសគ្រឿងញៀនពីភាគីកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារភាគីទាំងពីរបានលើកជាបញ្ហាប្រឈម និងសំណូមពរមួយចំនួនផងដែរ។