ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បាននាំយកអំណោយមកចែកជូនគ្រួសារក្រីក្រ ចំនួន១១៦គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ និងប្រកាសឧបត្ដម្ភថវិកាជារៀងរាល់ខែជូនដល់ប្រជាការពារនៅសង្កាត់ស្ទឹងមានជ័យទាំងមូល

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បាននាំយកអំណោយមកចែកជូនគ្រួសារក្រីក្រ ចំនួន ១១៦គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ និងប្រកាសឧបត្ដម្ភថវិកាជារៀងរាល់ជូនប្រជាការពារនៅសង្កាត់ស្ទឹងមានជ័យទាំងមូល ដែលជាលើកទឹកចិត្តក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាននេះឲ្យកាន់តែមានសុវត្ថិភាព។
ជាកិច្ចចាប់ផ្ដើមនៅក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បានធ្វើការរំលែកទុកជូនដល់វីរកងទ័ព វីរនគរបាល ដ៏អង់អាចក្លាហាន របស់យើង ដែលបានពលី នៅក្នុងសមរភូមិ ។ ឯកឧត្តម គូសបញ្ជាក់ថា ប្រទេសយើងកំពុងរងនូវការឈ្លានពាន ពីប្រទេសជិតខាង ដោយពួកគេ បានធ្វើសកម្មភាពយ៉ាងកំរោល ក្នុងការបាញ់ប្រហារមកលើកងទ័ពយើង និងលំនៅឋានប្រជាពលរដ្ឋ ដោយមិនរើសទីតាំង ភូមិសាស្ត្រ និងមិនខ្វល់អំពីច្បាប់ អន្តរជាតិនោះឡើយ។ ជាមួយគ្នានេះ ក្នុងបរិបទបច្ចុប្បន្ន ប្រទេសកម្ពុជាយើងកំពុងបន្តអភិវឌ្ឍន៍ និងមានស្ថិរភាពល្អប្រសើរ ទោះបីជាយើងនៅតែប្រឈមមុខនឹងបញ្ហាខ្លះៗ ដូចជា បញ្ហាសេដ្ឋកិច្ចសកល បញ្ហាជីវភាពប្រជាពលរដ្ឋ និងការប្រែប្រួលតម្លៃទំនិញ ដែលបណ្ដាលមកពីឥទ្ធិពលសង្គ្រាមរបស់ប្រទេសមហាអំណាច។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ទៀតថា ក្នុងស្ថានភាពនេះ ការចែករំលែក និងជួយគ្នាទៅវិញទៅមក គឺជាគុណតម្លៃដ៏សំខាន់នៃសង្គមខ្មែរ ដែលយើងគួរតែបន្តថែរក្សា និងលើកកម្ពស់ សមភាពសង្គម។ ការចែកអំណោយមនុស្សធម៌ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនេះ បើទោះបីមិនមែនជាចំនួនច្រើន ប៉ុន្តែវាបង្ហាញពីចិត្តសប្បុរស សេចក្ដីអាណិតអាសូរ និងការយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត ចំពោះបងប្អូនដែលកំពុងជួបការលំបាក។
ឯកឧត្តម សង្ឃឹមថា អំណោយតិចតួចនេះ អាចជួយសម្រួលបន្ទុកជីវភាព និងនាំមកនូវសេចក្ដីសុខសាន្តក្នុងគ្រួសាររបស់បងប្អូន ក្នុងឱកាសឆ្នាំថ្មីនេះ។ ក្នុងនាមជាអ្នករស់នៅក្នុងសង្កាត់នេះជាមួយគ្នា ឯកឧត្តម បានសន្យាថា និងបន្តជួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅសង្កាត់ស្ទឹងមានជ័យនេះនាឱកាសក្រោយទៀត។

សូមជម្រាបថា អំណោយដែលឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ បាននាំយកមកនាពេលនេះ រួមមាន៖ អង្ករមួយការ៉ុង ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ មីមួយកេស និងថវិកាចំនួន ២០,០០០ រៀល។ ឧបត្ថម្ភ ដល់រដ្ឋបាលសង្កាត់ ១លានរៀល, កម្លាំងនគរបាលប៉ុស្តិ៍រចំនួន ១៦នាក់ ក្នុងមួយនាក់ ៥ម៉ឺនរៀល,មេភូមិ អនុភូមិសរុបចំនួន ១៨នាក់ ក្នុងម្នាក់ចំនួន ៥ម៉ឺនរៀលនិង កម្លាំប្រជាការពារ ចំនួន ១៦នាក់ ក្នុងម្នាក់ចំនួន ៥ម៉ឺនរៀល៕