ឯកឧត្តម អ៊ុត សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីរាជការជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ យោងតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លោក មួង ប៉ាង អតីតអភិបាលរងខេត្តរតនគិរី ត្រូវបានតែងតាំង និងផ្ទេរភារកិច្ចជាអភិបាលរងខេត្តមណ្ឌលគិរី ជំនួសលោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។

ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកអភិបាលរងខេត្តថ្មី ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ព្រមទាំងបានសង្កត់ធ្ងន់ និងផ្តាំផ្ញើដល់លោកអភិបាលរងខេត្តដែលទើបតែងតាំងថ្មី ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹងរបៀបរបបធ្វើការងារ គោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា និងត្រូវខិតខំចុះមូលដ្ឋានដើម្បីស្វែងយល់ពីសុខទុក្ខ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានរំលឹកដល់គណៈអភិបាលខេត្ត មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បង្កើនការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសធនធានធម្មជាតិ និងគ្រឿងញៀន ព្រមទាំងជម្រុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឱ្យដឹងថា ពិធីដែលត្រូវបានរៀបចំធ្វើឡើងនាពេលនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការបំពេញរចនាសម្ព័ន្ធដឹកនាំ ដើម្បីធានាបាននូវនិរន្តរភាពការងាររបស់រដ្ឋបាលខេត្ត ហើយក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អភិបាលរងខេត្តដែលទើបទទួលបានការតែងតាំងថ្មីនេះ នឹងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមសហការអនុវត្តការងារនៅក្នុងជួរគណៈអភិបាលខេត្ត ក្នុងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀត។

លោក មួង ប៉ាង អភិបាលរងខេត្តថ្មី បានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរ-អង្គភាពទាំងអស់ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕