នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក. បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ១ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនអតីតយុទ្ធជន ឈ្មោះ អន សារី រស់នៅភូមិសាមគ្គី ឃុំបួរវិល ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានដី តែគ្មានផ្ទះរស់នៅសមរម្យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត និងក្រុមការងារលេខាធិការដ្ឋានស្រុក និងឃុំ។
នាឱកាសនេះ ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានចុះពិនិត្យ និងមើលឃើញពីការលំបាករបស់អតីតយុទ្ធជនខាងលើដែលមានដីអត់ផ្ទះ និងដើម្បីដោះស្រាយការលំបាកនេះ ស្របតាមចក្ខុវិស័យ និងការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបានជីវភាពមួយសមរម្យ។
ឯកឧត្តម បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តនាពេលកន្លងទៅ។
ឯកឧត្តម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន លោក អន សារី និងភរិយា សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល៕



